ខេត្តឧត្តមានជ័យ ៖ នៅថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០១៧ អាជ្ញាធរឃុំអន្លង់វែងបានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ត្រីរកង រាជអាវុធហត្ថស្រុកអន្លង់វែងដឹកនាំដោយលោកវរសេនីយ៍ទោងួន ធារិទ្ធ និងកងកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ ព្រមទាំងកងកម្លាំងយោធាវរៈ៣៨២នៃកងពលតូចលេខ៨ដឹកនាំដោយលោកវរសេនីយ៍ទោឡីលន់ ក្រោមបទបញ្ជានិងការចង្អុល បង្ហាញរបស់លោកនាយឧត្ដមសេនីយ៍គន់ គីម ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យបានចុះទៅជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋជរាក្រីក្រម្នាក់ ។ ក្រុមការងារស្រុកអន្លង់វែងបានសាងសង់លំនៅឋានជូនឈ្មោះឆាយ ធឿន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ ដោយទំហំផ្ទះមាន ទទឹង៤ម៉ែត្រគុណ៥ម៉ែត្រសង់អំពីឈើដំបូលប្រក់ស័ង្កសីដែលបានចំណាយពេលវេលាអស់រយៈពេល៣ថ្ងៃ ។
លោកវរសេនីយ៍ទោ ងួន ធារិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថាក្រុមការងារនិងកងកម្លាំងរបស់លោកនឹងបន្ដចុះជួយសាងសង់ផ្ទះជូនដល់បងប្អូនពលរដ្ឋក្រីក្រជាបន្ដបន្ទាប់ បន្ថែមទៀតនៅក្នុងស្រុកអន្លង់វែងទាំងមូល ។
ជាចុងក្រោយស្រ្តីឈ្មោះ ស្រី ឆាយធឿន ដែលជាម្ចាស់ផ្ទះសុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅដែលទទួលបានអំណោយដ៏ថ្លៃថ្លាផ្ទះមួយខ្នងពីក្រុមការងារឃុំអន្លង់វែងនិងកងកម្លាំងទាំង៣ក្រោមការរៀបចំនិងយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ គន់គីមដែលបានចុះជួយខេត្តឧត្តរមាន ជ័យនេះ ៕ ប៉េន នួន