ព័ត៌មានទាន់ហេតុការណ៍៖

លី ច័ន្ទសីហា រៀបការទទួលភ្ញៀវជាង១២០០នាក់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លី ច័ន្ទសីហា បានចូលរោងការជាផ្លូវការហើយកាលពីថ្ងៃទី៥ ខែឧសភា ដែលស្វាមីនាងត្រូវបានគេស្គាល់ថាជា និស្សិតយោធា ច័ន្ទ ថៃសេង ក្រោយភ្ជាប់ពាក្យអស់មួយឆ្នាំហើយ។ មង្គលការដ៏ធំដុំរបស់នាងនឹងមានភ្ញៀវមិនតិចជាង១២០០នាក់នោះទេ ដែលមួយចំនួនជាសិល្បករ។

លី ច័ន្ទសីហាបានសម្រេចចិត្តមិនទទួលការងារសិល្បៈបណ្តោះអាសន្នក្រោយកៀកថ្ងៃចូលរោងការ ។

លី ច័ន្ទសីហា នាងពិតជាហត់នឿយខ្លះៗនឹងការងារជាច្រើន ប៉ុន្តែនាងសប្បាយចិត្តខ្លាំង​ដែលអាចដឹកដៃបុរសដែលនាងស្រឡាញ់ពេញចិត្ត ហើយមានការយល់ស្របពីមេបាទាំងសងខាងចូលរោងការនោះ។ នាងថា ភ្ញៀវនាងភាគច្រើនជាអ្នកសិល្បៈ ខណៈដែលភ្ញៀវខាងក្រុមគ្រួសារស្វាមីនាង ក៏មានច្រើនដែរគឺប្រមាណ១០០តុនឹងត្រៀមប្រមាណ២០តុផ្សេងទៀត ដែលសរុបប្រមាណ១២០តុឯណោះ។ នាងថា ក្រោយរៀបការរួចនាង និងស្វាមីក៏សម្រេចចិត្តទទួលយកកំណើតកូនភ្លាមៗដែរ ប្រសិនមានឱកាសគ្រប់គ្រាន់ ។ នាងថា នឹងមិនដេករំពឹងទ្រព្យខាងក្រុមគ្រួសារស្វាមីនាងទាំងស្រុងទេ ក្រោយរៀបការបើទោះបីជាឪពុកក្មេកនាងមានងារជាឯកឧត្តមក្តី គឺនាងនិងស្វាមីមានមុខរបររួចជាស្រេច ។

តារាសម្តែងលី ច័ន្ទសីហា ទើបនឹងបើកដំណើរការងារហាងលក់កាបូប ស្បែកជើង និងគ្រឿងសម្អាងថ្មីមួយនៅខាងជើងសារមន្ទីរជាតិទួលស្លែងបន្ទាប់ពីបើកដំណើរការហាងសម្អាងការអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ តួឯកស្រីរឿងមរណៈមាតារូបនេះបញ្ជាក់ដែរថាស្វាមីនាងគឺពេញចិត្តខ្លាំងចំពោះរាល់ការងាររកស៊ី ហើយក៏មានគម្រោងពង្រីកមុខរបរថ្មីផងដែរ ។ នាងបន្តថា នាងនិងគូដណ្តឹងចង់ចង់បើកដំណើរការភោជនីយដ្ឋានថ្មីមួយទៀតនៅតំបន់សួនទឹកស៊ីដនីនៅតំបន់ព្រែកឯងដែលជាសួនទឹករបស់ក្រុមគ្រួសារអនាគតស្វាមី ។

បើទោះបីជាបន្តពង្រីកការងាររកស៊ីកាន់តែច្រើនក្តី ក៏នាងនៅតែមិនមានគម្រោងបញ្ចប់ការងារសម្តែងដែរ គឺនៅតែសម្តែងដដែលមិនបោះបង់ទេ ព្រោះនាងស្រឡាញ់ពេញចិត្តនឹងអាជីពនេះហើយអនាគតស្វាមីនាងក៏មិនបានហាមឃាត់ដែរ។ អ្វីដែលនាងចង់បានគឺក្រុមគ្រួសារដែលមានភាពកក់ក្តៅមួយ ពិសេសយើងចង់មានមុខរបរខ្លះដែលអាចជួយទ្រទ្រង់ជីវភាពឲ្យបានសមរម្យ ៕ វឌ្ឍនា


ចែករំលែក៖