ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៦ និង៤០នាទី រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ជាងផ្សាដែកម្នាក់ បានឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅក្នុងភូមិស្រិតលិច ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ប្រាប់ថា ជនរងគ្រោះ ឈ្មោះសុខសឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះស្លាប់ ពេលបានឡើងផ្សាសំយ៉ាបផ្ទះឈ្មោះ ថាន់ ថាល់ ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ស្រាប់តែប៉ះខ្សែភ្លើងស្រាតឆក់ពីលើដំបូលកំពស់៥ម៉ែត្រ ហើយធ្លាក់មកដីបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលបានចុះទៅពិនិត្យធ្វើកុសល្យវិច័យលើសាកសពរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ក្រោយមកបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី