ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ចុះពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិដល់កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៍ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងនាយអាវុធហត្ថជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានអោយដឹងថា៖ ចំពោះបទល្មើសព្រៃឈើកន្លងទៅ តែងកើតឡើងតាមបន្ទាត់ព្រំដែន ដែលមិនមែនតួនាទីរបស់អាវុធហត្ថចុះទៅបង្ក្រាបបាន ហើយការគ្រប់គ្រងបទល្មើសគឺកម្លាំងកងរាជអាវុធហត្ថពិបាកគ្រប់គ្រងណាស់ដោយបទល្មើសកើតមាននៅតាមព្រៃ ទីកន្លែងកើតហេតុនៅឆ្ងាយពីអង្គភាពក្រុង-ស្រុក-ស្នាក់ការ និងស្ថានភាពផ្លូវមានការលំបាកសម្រាប់អោយកម្លាំងចុះទៅកន្លែងកើតហេតុបានទាន់ពេលវេលា ឧទាហរណ៍៖ ច្រករបៀងអូរលាវ(ប៉ុស្តិ៣)UTM0776450-1458387។ លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានធ្វើការសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស សុំកម្លាំងបន្ថែមដើម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មើស ខណះជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួនតិចពិបាកក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស។

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នាន បច្ចេកទេស សន្តិសុខ បានលើកឡើងពីយន្តការគ្រប់គ្រងបញ្ជា បញ្ជាការពារសន្តិសុខ ត្រូវទទួលខុសត្រូវតាមភារកិច្ចតួនាទីសម្រាប់ការងារប្រចាំថ្ងៃ និងពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសផ្តោតលើបញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ សន្តិសុខសង្គម ជាដើម។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានមានប្រសាសន៍ជម្រុញអោយកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីទាំងមូលចូលរួមដោយយកចិត្តទុកដាក់បំផុតទៅលើវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ សន្តិសុខជាតិ សន្តិសុខសង្គម។

លោកឧត្តមសេនីយ៍ឯក ទទួលស្គាល់ពីផលលំបាកដល់កងកម្លាំងរាល់ការចុះបង្ក្រាបដោយមានស្ថានភាពផ្លូវមិនអំណោយផល តែយើងត្រូវមានសមត្ថភាពអោយសម្រេចបានតាមផែនការថ្នាក់លើគឺបង្កើតក្រុមការងារតាមដានរកពីទីតាំងប្រភពកើតបទល្មើសតាមរយះការកសាងបណ្តាញ ជាមួយនិងសហការសាមគ្គីផ្ទៃក្នុង ដឹកនាំបញ្ជាគ្រប់គ្រងអោយគោរពតាមភារកិច្ចតួនាទី។ សំខាន់មានការលើកទឹកចិត្តដល់កងកម្លាំង ផ្តល់ភាពយុត្តិធម៍ ប្រយោជន៍អោយកម្លាំងយើងមានឆន្ទះបំពេញការងារតាមភារកិច្ច៕ សុខ ខេមរា


ចែករំលែក៖