ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ត្រូវ​លើក​ពេល​ប្រកាស​សាលក្រម​

ចែករំលែក៖

ភ្នំពេញ​៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ដែល​មាន​លោក​ថោង​ សារ៉ាត់​ ជា​មេខ្លោង​ ។

លោក​ គា​ អ៊ាវ​ មេធាវី​ការពារ​ជនជាប់ចោទ​ថ្លែង​ថា​ ​ ក្រឡាបញ្ជី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​សាលក្រម​នេះ​ត្រូវ​លើក​ពេល​ប្រកាស​សាលក្រម​ ហើយ​នឹង​ជូន​ដំណឹង​ពេល​ក្រោយ​ ។​ លោក​មេធាវី​ មិន​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​លើក​ពេល​ប្រកាស​សាលក្រម​នេះ​ទេ​ ។

លោក​ ថោង​ សារ៉ាត់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២៨និង​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ រីឯ​ក្រុម​អង្គរក្ស​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​និង​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ។

ហេតុការណ៍​បាញ់​សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ​ កើត​ឡើង​​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន ៕ ​ចេស្តា


ចែករំលែក៖