ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាលេចចេញរឿងអាស្រូវរបស់បេក្ខភាពប្រធានាធិបតីបារាំងគេនៅពេលនេះ?

ចែករំលែក៖

បេក្ខជនប្រធានាធិបតីបារាំង អេម៉ានុយ អែល ម៉ាក្រុងដេល លេចធ្លោជាងគេនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង នៅនាទីចុងក្រោយបែរជាលេចចេញនូវរឿងមិនល្អជាច្រើនសម្រាប់រូប លោកអាចធ្វើឲ្យ ពលរដ្ឋបារាំង បង្វែរចិត្តទៅគាំទ្រ លោក ស្រី Le Pen វិញ។

ការលេចចេញរឿងអាស្រូវគេចពន្ធរបស់លោក ធ្វើឲ្យគេនឹកឃើញដល់ការបោះ ឆ្នោត ប្រធានាធិបតីអាមេរិក គឺរឿងអាស្រូវ របស់លោកស្រីហ៊ីលឡារី គ្លីនតុនបាន លេចចេញ នៅនាទីចុងក្រោយ ធ្វើឲ្យលោកស្រីបរាជ័យក្នុងការបោះឆ្នោត បើទោះបីជា ការស្ទង់មតិមុនបោះឆ្នោត គឺលោកត្រាំចាញ់លោកស្រីគ្លីនតុនទាំងស្រុងនោះក៏ដោយ។ រឿងអាស្រូវនឹងធ្វើឲ្យ ការគាំទ្រពីពលរដ្ឋមានភាពប្រែប្រួល ធ្វើឲ្យលទ្ធផលប្រែក្រឡះ ហួសពីការស្មាន ដោយលោកត្រាំជាអ្នក ឈ្នះវិញ។

ថារឿងនោះនឹងកើតឡើងទៅលើបេក្ខភាពប្រធានាធិបតីបារាំងដែរឬទេ? នៅថ្ងៃ ព្រហស្បតិ៍ តុលាការក្រុងប៉ារីសបានបើកការស៊ើបអង្កេត ទាក់ទងនឹងព័ត៌មានដែលបានចោទប្រកាន់ថា បេក្ខជនប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង គេចពន្ធលួចមាន គណនីធនាគារនៅកោះបាហាម៉ាស។ លោកម៉ាក្រុងបានដាក់ពាក្យប្តឹងទៅតុលាការ ប្រឆាំងនឹងបុគ្គលដែលបានចែកចាយព័ត៌មានទាំងនេះ ដែលលោកថា ជាព័ត៌ មានមិនពិត ដើម្បីដាក់ឥទ្ធិពលលើការបោះឆ្នោត។

បេក្ខជន ប្រធានាធិបតីបារាំង អេម៉ា​នុយអែល ម៉ាក្រុង បានដាក់ពាក្យប្តឹងទៅ តុលាការ នៅថ្ងៃព្រហស្បតិ៍ទី៤ ខែឧសភា ក្រោយពីលោកស្រីម៉ារីន ឡឺប៉ែន ជាគូ ប្រជែងក្នុងការបោះឆ្នោត បានលើកឡើង ក្នុងការដេញដោលមតិ នៅយប់ថ្ងៃពុធ កន្លងទៅ ថាលោកម៉ាក្រុងមានគណនីធនាគារនៅកោះបាហាម៉ាស ដែលស្ថិតនៅភាគខាងជើងតំបន់ការ៉ាអ៊ីប។

ប៉ុន្មានម៉ោងមុន ការដេញដោលមតិរវាងបេក្ខជនប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង និងលោកស្រីម៉ារីន ឡឺប៉ែន និង ក្នុងពេលដេញដោលមតិនេះដែរ មាន បណ្តាញសង្គមមួយចំនួន បានចុះផ្សាយ ឯកសារមានខ្លឹមសារចោទថា លោកម៉ាក្រុង លួចមានគណនីធនាគារ ដើម្បីគេចពន្ធ ក្រៅស្រុក។ ដោយឡែក លោកស្រីឡឺប៉ែនជាគូប្រជែងនឹងលោកម៉ាក្រុង ប្រាប់ថា លោកស្រីគ្រាន់តែសួរសំណួរលោកម៉ាក្រុងប៉ុណ្ណោះ ទាក់ទងព័ត៌មានទាំងនេះ។ លោកស្រីប្រាប់ថា លោកស្រីក៏គ្មានភស្តុតាងបញ្ជាក់ការចោទប្រកាន់នេះដែរ។

លោកម៉ាក្រុងបានចោទលោកស្រីឡឺប៉ែនថា ធ្វើឲ្យរាលដាលព័ត៌មានភូតកុហក។ ជាដំណឹងចុះផ្សាយតាមវេបសាយមួយចំនួន ដែលពាក់ព័ន្ធនឹងផលប្រយោជន៍រុស្ស៊ី។ ទាក់ទងនឹងរុស្ស៊ី គេនៅចាំថា ប្រធានាធិប តីពូទីន បានទទួលជួបលោកស្រីឡឺប៉ែន មុនការបោះឆ្នោតជុំទី១នៅបារាំង។

ទាក់ទងនឹងរុស្ស៊ីដែរ ក្រុមជំនាញព័ត៌មានវិទ្យារបស់ជប៉ុន ធ្លាប់សង្ស័យថា ក្រុមចោរព័ត៌មានវិទ្យាស៊ីឈ្នួលឲ្យរុស្ស៊ី ប៉ុនប៉ងលុកលុយទិន្នន័យអ៊ីនធើណេតរបស់គណបក្សលោកម៉ាក្រុង។ ក្រោយលោកម៉ាក្រុង ដាក់ពាក្យប្តឹង តុលាការបារាំងសម្រេចបើកការអង្កេតបឋម ពីបទចុះផ្សាយព័ត៌មាន មិនពិត ដើម្បីបង្វែរសន្លឹកឆ្នោតនៅបារាំង៕ ម៉ែវ សាធី


ចែករំលែក៖