ព័ត៌មានទាន់ហេតុការណ៍៖

លោកចាប ពិសិដ្ឋ រងផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង​ សង្ស័យថា កាងឈ្មួញរកស៊ីដឹកជញ្ជូញឈើប្រណីតខុសច្បាប់ ថ្លឹងគីឡូបង្កប់ក្រោមកៅអីរថយន្តដឹកភ្ញៀវរាល់ថ្ងៃ ចូលទីរួមខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ឈើធ្នង់ថ្លឹងគីឡូត្រូវឈ្មួញលួចដឹកជញ្ជូនបង្កប់តាមរថយន្តសាំ យ៉ុងដឹកភ្ញៀវជារៀងរាល់ថ្ងៃ រាល់យប់ តែសមត្ថកិច្ចហាក់ធ្វើដូចជាមិនដឹងរឿង ពេលអ្នកសារព័ត៌មានចុះមកដល់ចំណុចអូរតាគល់ ភូមិកញ្ចាញគោគ ឃុំស្រែសំប៊ូរ ស្រុកសៀមប៉ាង ឃើញគោយន្តកន្ទ្រៃកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើធ្នង់សន្លឹក ប្រភេទប៉ាកគេ ឆូសស្អាតដឹកចេញយកទៅលក់ ឲ្យឈ្មួញជនជាតិវៀតណាមឈ្មោះ ហ្វឿង ក្នុង១គីឡូក្រាម១.៣០០រៀល ដើម្បីថ្លឹងរួចដាក់រថយន្តចេញទៅលក់បន្តយ៉ាងរលូន ។

អ្នកយកព័ត៌មានប្រចាំខេត្តរាយការណ៍ជូនលោកស្រស់ សារឹន នាយរងសង្កាត់ ខណៈឈ្មួញកំពុងធ្វើសកម្មភាពលើកដាក់គោយន្ត អស់រយៈពេលពីរដង គាត់មិនលើកទូរស័ព្ទសោះ អស់រយៈពេលជិតមួយម៉ោង ទើបលោកទូរស័ព្ទមកវិញថា អត់ដឹង ទុកទូរស័ព្ទចោល ចាំគាត់ឲ្យកូនចៅរបស់គាត់មកមើល ។

ក្រោយមក ទើបឃើញលោកចាប ពិសិដ្ឋ នាយរងផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកសេដ្ឋកិច្ចរកចំណូលពីឈ្មួញ ចុះមកដល់ឃើញ ហើយមិនបង្ក្រាបបែរជានិយាយដាក់អ្នកយកព័ត៌មានថា កុំមករញេរញៃក្នុងផ្ទះគេមានរបង ប្រយ័ត្នគេវៃបែកក្បាល ។

គាត់និយាយនេះ នៅចំពោះមុខឈ្មួញឈើ ហាក់បីដូចជាគ្មានជំនាញជាអ្នកបង្ក្របបទល្មើសព្រៃឈើនោះទេ ហើយគាត់ធ្វើនេះហាក់បីដូចជាអ្នកកាងឈើ ទើបមានការបិទបាំងជាមួយអ្នកសារព័ត៌មាន គាត់មិនសហការ ឬបង្ក្រាបបែរជានិយាយគំរាម និងបំភ័យ ឲ្យឈ្មួញបានចិត្តទៅវិញ ខណៈឃើញបទល្មើស នៅចំពោះមុខកំពុងធ្វើសកម្មភាព ។

ជុំវិញរឿងនេះ លោកលៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ចំពោះករណីខាងលើនេះ លោកនឹងបង្ក្រាប ពេលមានសកម្មភាពបទល្មើសចំពោះមុខ ហើយជាពិសេស ឈ្មួញចរាចរណ៍លើដងផ្លូវ ។ លោកបន្តទៀតថាៈករណីឈើនៅតាមផ្ទះប្រជាពលរដ្ឋនោះ មិនអាចបង្ក្រាបបានទេ ព្រោះខណៈនេះ ជិតបោះឆ្នោតកុំធ្វើផ្តេះផ្តាស់ ។

គួររំលឹកថា ករណីបទល្មើសឈើស្តុកទុកតាមផ្ទះប្រជាពលរដ្ឋ ជាច្រើនកន្លែង ក៏ដូចឈ្មួញកណ្តាលដាក់ទុកដើរទិញពេញក្នុងទឹកដីស្រុកសៀមប៉ាង ខណៈច្រកទ្វារអូរយ៉ាដាវ ត្រូវបិតមិនទាន់បើក តែមានច្រករបៀងលួចចេញដឹកឈើថ្លឹងគីឡូក្រាម បង្កប់ជាមួយភ្ញៀវតាមរថយន្តសាំយុងមកទីរួមខេត្ត និងលួចដឹកដាក់ស្មើរកញ្ចក់ក្នុងរថយន្ត ដឹកចេញមិនចេះហត់ ។ អាជ្ញាធរស្រុក ក៏ដូចមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកសៀមប៉ាង និងខេត្ត សម្ងំដេកលក់ស្កប់ស្កល់ធ្វើមិនដឹង ទុកឲ្យបទល្មើសដឹកចេញទាំងយប់ ទាំងថ្ងៃ ដូចហែកឋិន បែរជាមិនបង្ក្រាបទៅវិញ ។

ចំពោះករណីនេះ លោកលៀង សេង គាត់បែរជានិយាយថា ជិតបោះឆ្នោតមិនអាចបង្ក្រាបបានទៅវិញ ខណៈឃើញបទល្មើសយ៉ាងគគ្រឹកគគ្រេងនៅចំពោះមុខ ទុកឲ្យឈ្មួញកណ្តាលធ្វើព្យុះភ្លៀង ដើរបំផុសឲ្យពលរដ្ឋចូលព្រៃកាប់ និងដឹកឈើប្រណីតប្រភេទធ្នង់ ដឹក ចេញពីទឹកដីខាំភោគ ដាក់ស្តុបកែឆ្នៃតាមរោងសិប្បកម្មនានា ក្នុុងភូមិខិស្វាយ ភូមិថ្មី និងភូមិកញ្ចាញគោគ ក្នុងស្រុកសៀមប៉ាង ដែលគេដាក់ឈ្មោះថា ជាស្រុកសម្បូរទៅដោយអនុផល ព្រៃឈើ ដឹកជញ្ចូនមិនចេះរីងស្ងួត ៕ មាស សុផាត


ចែករំលែក៖