ព័ត៌មានទាន់ហេតុការណ៍៖

ស៊ិប ស៊ីណាប៉ាន់ រំពឹងរឿងខ្លី រសជាតិអាហ្មុក អាចប្រកួតប្រជែងនៅចិន

ចែករំលែក៖

ភ្នំពេញ៖ ចំណាយរយៈពេល២សប្តាហ៍នៅលើទឹកដីខេត្តសៀមរាប ក្នុងការផលិតភាពយន្តខ្លីរឿង«រសជាតិអាហ្មុក» តាមការកំណត់ ស៊ិបស៊ី ណាប៉ាន់ និងក្រុមការងារបានដាក់ក្តីរំពឹងខ្ពស់ ជាមួយនឹងការនាំស្នាដៃរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែងនៅសាកលវិទ្យាល័យ ដែលពួកគេបានសិក្សានារដ្ឋធានីប៉េកាំង ប្រទេសចិន។

ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយកាល ពីល្ងាចថ្ងៃទី៧ ខែឧសភា នៅភោជនីយដ្ឋាន អ៊ុយគុយទាវ ។ ស៊ិប ស៊ីណាប៉ាន់ ជាកូនខ្មែរ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការសិក្សាភាសា និងជំនាញផលិតភាពយន្តនៅប្រទេសចិន បានលើកឡើងថា ការផលិតភាពយន្តខ្លីរបស់ខ្លួនបានបញ្ចប់តាមការគ្រោងទុក បើទោះបីជាជួបការលំបាកមួយចំនួនក្តី ។ អតីតសិស្សសាលទួលហ្វារូបនេះបានបញ្ជាក់ថា ភាពយន្តនេះ នឹងនិយាយអំពីអំពីការទទួលទានម្ហូប«អាហ្មុក» របស់បុរសម្នាក់បានធ្វើឲ្យគាត់ស្រមៃដល់រូបភាពពីបុរាណកាល ។

លោកថា ជារឿងប្រឌិតបែបស្រមើស្រមៃ ប៉ុន្តែវាបានបង្កប់នូវអត្ថន័យជាច្រើន ទាំងការបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជីវិតរស់នៅរបស់ប្រជាជនខ្មែរ ។ លោកថា ការជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែង ព្រោះតែលោកចង់បង្ហាញភាពប្លែក និងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជា ហើយការដែលលោក និងក្រុមការងារជ្រើសរើសយកប្រធានបទ «រសជាតិអាហ្មុក» ក៏ព្រោះតែចង់បង្ហាញពីស្នាដៃ និងរសជាតិម្ហូបអាហាររបស់ខ្មែរ ពិសេសកេរ្តិ៍ដំណែលសិល្បៈ វប្បធម៌ខ្មែរ ទៅដល់ប្រជាជននានានៅលើពិភពលោក ។ និស្សិតនៃសាកលវិទ្យាល័យ National Academy of China Theatre Arts រូបនេះបន្តថា ភាពយន្តដែលផលិតរួមគ្នារវាងលោក និង

និស្សិតជនជាតិជប៉ុនម្នាក់ និងជនជាតិចិន៤នាក់ផ្សេងទៀតនេះ នឹងត្រូវយកទៅកាត់ត និងដាក់ឲ្យសាស្ត្រាចារ្យនៅសាកលវិទ្យាល័យត្រួតពិនិត្យ មុនពេលយកទៅប្រកួតប្រជែងជាមួយនឹងស្នាដៃនិស្សិតដទៃទៀត។

និស្សិតវ័យ២៥ឆ្នាំរូបនេះ លើកឡើងដែរថា ស្នាដៃនេះមានចំណុចពិសេសជាច្រើនដែលលោកនិងក្រុមការងារបានរួមគ្នាផលិត ហើយក៏រំពឹងថា នឹងទទួលបានលទ្ធផលល្អ និងមានឱកាសចូលរួមប្រកួតប្រជែងជាមួយនឹងស្នាដៃផលិតរបស់ផលិតករជាច្រើនផងដែរ ។ លោកក៏មានបំណងបន្តផលិតភាពយន្តថ្មីៗបន្ថែមទៀត ប្រសិនបើមានឱកាស។

ស៊ិបស៊ី ណាប៉ាន់ដែលគេស្គាល់ដែរថាជាក្មួយប្រុសបង្កើតរបស់ផលិតករផ្នែកភាពយន្តល្បីឈ្មោះលើឆាកអន្តរជាតិ លោក ឬទ្ធី ប៉ាន់ ។ ស៊ិបស៊ី បញ្ជាក់ថា លោកពិតជាមានបំណងមកបំពេញការងារនៅកម្ពុជាក្រោយពេលបញ្ចប់ការសិក្សា និងចង់ទទួលយកបទពិសោធន៍កាន់តែច្រើនថែមទៀតពី លោក ឬទ្ធី ប៉ាន់ ។

កញ្ញា NaguraAyumiជានិស្សិតជនជាតិជប៉ុន បានបញ្ជាក់ថា នាង និងក្រុមការងារពិតជារំភើបរីករាយ ដែលបានមកផលិតភាពយន្តខ្លីខាងលើនៅកម្ពុជា បើទោះបីជាក្រុមការងារត្រូវប្រឈមនឹងបញ្ហាលំបាកច្រើន ទាំងអាកាសធាតុ អាហារជាដើមក្តី ប៉ុន្តែការងារនេះបានបញ្ចប់តាមការគ្រោងទុក ។ នាងថា ក្រុមការងារសហការគ្នាបានល្អ ដើម្បីសម្រេចបានស្នាដៃមួយបាន ហើយនាងរំពឹងដែរថា នឹងទទួលបានលទ្ធផលល្អក្រោយពេលកាត់ត និងដាក់ឲ្យមានការត្រួតពិនិត្យពីក្រុមសាស្ត្រាជំនាញផ្នែកភាពយន្តនៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ដែរថា ស៊ិប ស៊ីណាប៉ាន់ គឺជានិស្សិតជនជាតិខ្មែរដំបូងដែលសិក្សារលើជំនាញផលិតភាពយន្តនៅប្រទេសចិន។ លោកបានធ្វើដំណើរមកដល់កម្ពុជាកាលពីដើមខែមេសា ជាមួយក្រុមនិស្សិតជនជាតិជប៉ុន និងចិនដើម្បីផលិតភាពយន្តខ្លី «រសជាតិអាហ្មុក» ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារបុផ្ផាណាផងដែ រ។ ភាពយន្តដែលមានរយៈពេលចន្លោះពី៣០ទៅ៤៥នាទីនេះ នឹងវាស់ស្ទង់សមត្ថភាពរបស់ពួកគេផងដែរ មុនពេលពួកគេចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះ ៕ វឌ្ឍនា


ចែករំលែក៖