ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះដែលជាម្ចាស់ទ្រព្យសម្បត្តិបានចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិមានដូចជាទូរស័ព្ទ និងលុយជាង១ពាន់ដុល្លារ ហើយប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការបន្តតាមច្បាប់ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច មុខហាងថតរូបពេញចិត្ត ម្ដុំផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ភូមិ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះ លន់ ខេមរះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួននោះឈ្មោះ សល់ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកជនរងគ្រោះទី១ មានឈ្មោះ ខៀវ ចាន់នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងម៉ាស្សា ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(កន្លែងកើតហេតុ) ជនរងគ្រោះទី២មានឈ្មោះ អ៊ឹម សុធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយថា ដើរលួចរយៈពេលមួយឆ្នាំមកហើយ បាន៥ដង សម្រេចបាន២ដង បានលុយ៤០០ដុល្លារ និងទូរស័ព្ទ៣គ្រឿង ។ ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា