ភ្នំពេញ៖ រថយន្ដLEXUS មួយគ្រឿង បានបើកបរជែងគេឯង ជ្រុលចង្កូតទៅបុកចំពីមុខរថយន្ត SIENNA ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើយ៉ាងច្រងាង និងបានទៅប៉ះជាមួយរថយន្ត និងម៉ូតូរងគ្រោះចំនួន២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យប្ដីប្រពន្ឋ២នាក់រងរបួសធ្ងន់ផងដែរ ។
ហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្ត SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z. 5731 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្ក ម៉ាក LEXUS RX300 ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2T.9910 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ដោយបញ្ច្រាសទិសជាមួយរថយន្តរងគ្រោះ ហើយបើកក្នុងល្បឿនលឿនរួមទាំងជែងគេឯងទៀត បណ្ដាលឲ្យឆ្លងចូលផ្លូវរបស់រថយន្តរងគ្រោះ បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តLEXUS ក្រឡាប់ផ្ងារជើង ទៅប៉ះជាមួយម៉ូតូ១គ្រឿង ដែលជិះឌុបគ្នាដោយប្ដីប្រពន្ឋ២នាក់ រងរបួសធ្ងន់ទាំង២ រួមទាំងប៉ះជាមួយរថយន្តមួយគ្រឿងទៀត បានចតទុកចោលនៅចញ្ចើមផ្លូវដោយម្ចាស់ចូលញុំាការ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច ។
ក្រោយពេលកើតហេតុ ប្ដីប្រពន្ឋពីរនាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ ដោយឡែកម្ចាស់រថយន្តបង្ក និងម្ចាស់រថយន្តរងគ្រោះខាងលើ គឺមិនបានរងរបួសធ្ងន់នោះទេ ហើយក្រោយពីកើតហេតុនោះ ភាគីខាងរថយន្តរងគ្រោះដែលបានខូចខាតបន្តិចបន្ទួចនោះ គឺបានបើករថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយមិនទាមទារសំណងអ្វីនោះទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ។ ចំណែកឯម៉ូតូរងគ្រោះ ក៏មិនបានស្គាល់ម៉ាក និងស្លាកលេខនោះដែរ ដោយសមត្ថកិច្ចប្រាប់ថា បានដឹកយកទៅរក្សាទុកនៅខណ្ឌបាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះចរាចរណ៍នៅកន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញឲ្យចុះមកវាស់វែង យករថយន្តបង្កហេតុ និងរថយន្តរងគ្រោះរួមទាំងម៉ូតូផងនោះ យកទៅរក្សាទុករង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ