ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រួយបារម្ភក្រោយពេលជនជាតិអ៊ុយហ្គ័រប្រមាណ៥ពាន់នាក់ទៅចូលរួមជាមួយក្រុមភេរវកម្ម

ចែករំលែក៖

សន្តិសុខ នៅតំបន់ស៊ីនជាំង ប្រទេសចិន ត្រូវបានរិតបន្តឹងខ្លាំងឡើង ដោយសារតំបន់នោះ តែងតែមានការបះបោរពីសំណាក់ក្រុមជ្រុលនិយមជនជាតិអ៊ុយហ្គ័រ ។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះនោះ គឺចិនទទួលបានព័ត៌មានថា មានជនជាតិភាគតិចអ៊ុយហ្គ័រប្រមាណ៥ពាន់នាក់ទៅធ្វើសង្គ្រាមជួយដល់ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ។

អាជ្ញាធរចិនមានការព្រួយបារម្ភថា សមាជិកនៃសហគមន៍ជនជាតិភាគតិចអ៊ុយហ្គ័រដែលកាន់សាសនាអ៊ីស្លាម និងនិយាយភាសាទួរគីប្រហែលជាបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ដើម្បីប្រយុទ្ធក្នុងនាមជាពួកឧទ្ទាម ក្រោយពីបានឆ្លងកាត់ដោយខុសច្បាប់នៅក្នុងបណ្តាប្រទេសអាស៊ីមួយចំនួន ដែលក្នុងនោះក៏មានទួរគីដែរ។

កន្លងមក ថ្មីៗ ឯកអគ្គរដ្ឋទូតស៊ីរី ប្រចាំប្រទេសចិន ទើបបានអះអាងថា ជនជាតិភាគតិចអ៊ុយហ្គ័រមកពីតំបន់ Xingjiang ភាគខាងលិច នៃប្រទេសចិន ចំនួនពី ៤០០០ទៅ៥០០០នាក់កំពុងប្រយុទ្ធប្រឆាំងនៅក្នុងប្រទេសស៊ីរី ក្នុងក្រុមពួកឧទ្ទាមផ្សេងៗ។

បើយោងតាមការវាយតម្លៃ នៅប៉េកាំង ពួកជីហាតដែលចេញមកពីតំបន់ Xinjiang មានគ្នាពី ៤០០០ទៅ៥០០០នាក់។ ឯកអង្គរដ្ឋទូតស៊ីរី ថែមទាំងបានគូសបញ្ជាក់ទៀតថាប្រទេសចិនក៏ដូចជាប្រទេសដទៃទៀតដែរ ត្រូវតែគិតគូរពីបញ្ហាខាងលើនេះដោយយក ចិត្ត ទុកដាក់ជាទីបំផុត។

តែចំពោះអង្គការការពារសិទ្ធិមនុស្សនិងជនភៀសខ្លួនអ៊ុយហ្គ័រ វិញ ជនជាតិភាគតិចអ៊ុយហ្គ័រកំពុងជ្រកកោននៅក្នុងទឹកដីទួរគីនោះគឺដើម្បី គេចខ្លួន ពីការគាបសង្កត់ពីសំណាក់អាជ្ញាធរចិននៅក្នុងតំបន់ Xinjiang តែប៉ុណ្ណោះតែការអះអាងនេះ ត្រូវបានប៉េកាំងបដិសេធ៕ ម៉ែវ សាធី


ចែករំលែក៖