ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់បោកបុរសម្នាក់ទើបស្គាល់គ្នាមុនចូលឆ្នាំខ្មែរ ខ្ចីម៉ូតូ១គ្រឿង ទូរស័ព្ទមួយគ្រឿងទៅបាត់

ចែករំលែក៖

ភ្នំពេញ: នារីវ័យក្មេងជាសិស្សសាលាកូរ៉េម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយស្រាវជ្រាវបុរសម្នាក់ចាប់មកផ្តន្ទាទោស បន្ទាប់ពីបុរសនោះបានខ្ចីម៉ូតូ និងទូរស័ព្ទនាងថាជិះទៅយកមិត្តភក្តិមួយភ្លែតហើយទៅបាត់រហូត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមានឈ្មោះ ពុយ ធីតា អាយុ២៥ឆ្នាំ ជាសិស្សសាលាកូរ៉េ ស្នាក់នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិប៉ាងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែ គេមិនបានដឹងថាបុរសនោះមានឈ្មោះអ្វីនោះទេ។ ចំណែករីឯម៉ូតូដែលយកទៅនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ គ្រាន់តែ ដឹងថា ភ្នំពេញ 7024 ប៉ុណ្ណោះ។

នារីរងគ្រោះបានឲ្យដឹងថា នៅមុពេលកើតហេតុ នាងមានបំណងទៅលេងម្តាយមីង នៅម្តុំរោងចក្រកាណាឌីយ៉ា ផ្លូវវេងស្រេង។ លុះជិះម៉ូតូចេញពីបន្ទប់ជួល បានបន្តិច ក៏មានបុរសម្នាក់ដែលនាងធ្លាប់ស្គាល់ តាំងពីមុនចូលឆ្នាំ បានទូរស័ព្ទមកសួរនាងថា អត់ទៅដើរលេងឯណាទេអី? នាងឆ្លើយថាកំពុងទៅផ្ទះមីងនៅកាណាឌីយ៉ា ហើយបុរសនោះក៏សុំទៅជាមួយដែរ នាងក៏ព្រម។ លុះជិះម៉ូតូមកដល់ស្តុប២០០៤ ឃើញបុរសនោះចុះពីលើរថយន្ត ដែលបុរសនោះប្រាប់ថាជារថយន្តប៉ា បុរសខ្លួន ហើយក៏ឡើងជិះម៉ូតូជាមួយនាងមកញ៉ាំបាយនៅម្តុំដីវាលកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ លុះហូបបាយរួចមិនទាន់ឲ្យលុយគេផង បុរសខាងលើបាននឹកឃើញមិត្តភក្តិ ហើយក៏ខ្ចីទាំងម៉ូតូនិងទូរសព្ទម៉ាកIPhnoe ជិះចេញទៅយកមិត្តភក្តិតែទៅបាត់រហុតតែម្តងសូម្បីនាងទូរស័ព្ទទៅលេខទូរស័ព្ទបុរសនោះ ក៏មិនចូលដែរ ទើបនៅ រសៀលថ្ងៃនោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យជួយវែកមុខជនឆបោកនោះតែម្តងទៅ ៕ ប្រាថ្នា


ចែករំលែក៖