ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេលយប់បុកម៉ូតូអូសរ៉ឺម៉កដឹកឈើពីក្រោយស្លាប់ម្នាក់

ចែករំលែក៖

ឧត្តរមានជ័យៈ នៅចន្លោះម៉ោង៩និងម៉ោង១០នាទីយប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡីង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចខាងត្បូងផ្លូវបំបែកហាយវ៉េ ចម្ងាយ ១០០ ម៉ែត្រ ស្ថិតនៅភូមិស្លែងព៌ណ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កដឹកក្តារពីក្រោយ បណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបរម៉ូតូអូសរ៉ឺម៉កដឹកក្តារគេចខ្លួនបាត់ ។

តាមរបាយការណ៍របស់កម្លាំងនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភេម ណារី ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិស្លែងព៌ណ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១ A ៣៨២៣ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ម៉ូតូអូសរ៉ឺម៉កដឹកក្តារ ម៉ាក សាន់យ៉ាន់ អ្នកបើកបរមិនស្គាស់ អត្តសញ្ញាណ ។

ករណីនេះ កម្លាំងនគរបាលស្រុក បានចុះទៅកន្លែងកើតហេតុភ្លាមៗ ចាត់ចែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវរកម្ចាស់ម៉ូតូអូសរ៉ឺម៉កដឹកក្តារ ដែលដឹកខុសបច្ចេកទេស យកមកដោះស្រាយ ៕ ប៉ែន នួន


ចែករំលែក៖