មន្ត្រីចារកម្ម របស់មន្ទីរបញ្ចកោណអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងត្រូវ ឆ្លងកាត់នៅឧបសគ្គជាច្រើនទៀត ទើបអាច ផលិតមីស៊ីលឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់បរមាណូ ដែលអាចបាញ់ដល់ទឹកដីអាមេរិក ។
សារព័ត៌មាន Bloomberg បានផ្សាយថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក William Marks បានបញ្ជាក់ថា បើទោះបីមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នឹងពង្រីកសកម្មភាពផលិតអាវុធ មិស៊ីលឆ្លងទ្វីប បាញ់ដល់អាមេរិកនោះ គឺត្រូវតែចំណាយពេល យ៉ាងយូរទៀត ទើបអាចសម្រេចបាន។
ក្នុងពេលជាមួយគ្នានោះ ភាពតានតឹងនៅឧបទ្វីបកូរ៉េ មិនទាន់មានសញ្ញាថយចុះនៅឡើយ ដោយទីក្រុងព្យុងយ៉ាងបន្តសាកល្បង កាំជ្រួចមីស៊ីល បើទោះបីរងការប្រឆាំង និងដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ និងអាមេរិកក្តី ។ នៅពេលនេះ អាមេរិក បានបញ្ជូនអាវុធ គ្រប់គ្រាន់ទៅកាន់ឧបទ្វីបកូរ៉េ ដែលជាការត្រៀមលក្ខណៈវាយប្រហារទៅលើ កូរ៉េខាងជើង។
មន្ត្រីចារកិច្ចអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងអាចចំណាយពេលដល់ឆ្នាំ២០២០ ទើបអាចផលិត មីស៊ីលឆ្លងទ្វីបបាញ់ដល់ទឹកដីអាមេរិក ។ ប៉ុន្តែមិនប្រាកដថាហោះទៅដល់អាមេរិកនោះឡើយ គឺត្រូវឆ្លងកាត់ រនាំងការពារជាច្រើនទៀតរបស់អាមេរិក។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ កម្លាំងយោធារបស់ព្យុងយ៉ាង កំពុងតែរីកដុះដាលខ្លាំងក្លាឡើង ក៏នៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់ ក្រោយកម្លាំងទ័ពសេអ៊ូលដែលជាប់ចំណាត់ថ្នាក់លេខទី១១ ក្នុងពិភពលោក។
ការស្ទង់មតិរបស់ Global Firepower ទើបបានចេញនូវលទ្ធផលចាត់ថ្នាក់ប្រចាំឆ្នាំ ចំពោះកងកម្លាំងប្រដាប់អាវុធពិភពលោក ដោយបង្ហាញឲ្យឃើញថា កងកម្លាំងយោធារបស់កូរ៉េខាងត្បូងអាចយកឈ្មះកងទ័ពកូរ៉េខាងជើង បានយ៉ាងងាយ ក្នុងករណីមានជម្លោះណាមួយកើតឡើង។
យោងតាមការចុះផ្សាយ របស់គេហទំព័រ UPI បានឲ្យដឹងថា យោធាទីក្រុងព្យុងយ៉ាងដែលមានតួនាទីដ៏លេចធ្លោ ក្នុងការការពាររបបរដ្ឋាភិបាលរបស់ គីម ជុងអ៊ុន ត្រូវបានគេចាត់ថ្នាក់ លំដាប់លេខ២៣ នៃភាពខ្លាំងក្លាបំផុត ក្នុងពិភពលោក ហើយលំដាប់ថ្នាក់នេះ គឺស្ថិតនៅក្រោមអូស្ត្រាលី ប៉ុន្តែនៅលើកាណាដា និងអារ៉ាប៊ី សាអូឌីត៕ ម៉ែវ សាធី