ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីកាំកុងត្រូលរិះគន់លោក ម៉ក់ ពេជ្ជរិទ្ធ គិតតែពីរឿងប្រមូលប្រយោជន៍ផ្ទាល់ខ្លួន

ចែករំលែក៖

លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម កំពុងត្រូវបានមន្ត្រីតូចតាចនៅក្រោមឱវាទបើកកកាយពីរឿងអាស្រូវពុករលួយប្រមូលលុយតាមគ្រប់រូបភាពដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដោយសារតែអំពើពុករលួយដល់ខួរឆ្អឹងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះហើយទើបឈ្មួញ ខិលខូចអាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណី អាហារមានផ្ទុកសារធាតុគីមីមកលក់ចែកចាយពេញទីផ្សារប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ការដែលមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិ ឬច្រកព្រំដែនជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាងហ៊ានឃុបឃិតឲ្យឈ្មួញនាំចូល ទំនិញខូចគុណ ទំនិញហួសកាលកំណត់ប្រើប្រាស់បន្លែបង្ការមានផ្ទុកសារធាតុគីមី ឬ សាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិតមានលាយសារធាតុ គីមីដើម្បីប្រមូលលុយយកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់ ។

មន្ត្រីកាំកុងត្រូលតាមបណ្តាខេត្តមួយចំនួនក៏បានបង្ហើបឲ្យដឹងដែរថា ពួកគេត្រូវបង់លុយតាមការកំណត់របស់លោក ម៉ក់ ពេជ្ជរិទ្ធ។ ហេតុនេះហើយទើបពួកគេបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព និងចំណីអាហារមានលាយសារធាតុគីមីក៏ដូចជា ជ្រូកក្រហម មាន់ ទា ត្រី ក៏ដូចជាបន្លែបង្ការមានផ្ទុកសារធាតុគីមីមកលក់ចែកចាយក្នុងទីផ្សារកម្ពុជាយ៉ាងពេញបន្ទុក ។

មន្ត្រីដែលបម្រើការងារនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលមួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលរួច មកលោក ម៉ក់ ពេជ្ជរិទ្ធ បានប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។ ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះមន្ត្រីកាំកុង ត្រូលប្រចាំច្រកទ្វារអន្តរជាតិ ច្រកព្រំដែន និងច្រករបៀងជាប់ព្រំដែនប្រទេសជិតខាង បានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ចំណីអាហារមានលាយសារធាតុគីមី បន្លែបង្ការមានផ្ទុកសារធាតុគីមីនិងជ្រូកក្រហមចូលប្រទេសកម្ពុជាពេញបន្ទុកតែម្តង៕


ចែករំលែក៖