ព័ត៌មានទាន់ហេតុការណ៍៖

ដឹកដៃកូនតូចតាមទាន់ប្តីនាំស្រីស្នេហ៍មកដេកដល់បន្ទប់ ប្តឹខឹងទ្រាំមិនបានវាយពីរបីដៃបែកភ្នែក

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់តាមទាន់ប្តីដឹកស្រីស្នេហ៍មកដេកក្នុងបន្ទប់ជួលធ្វើឲ្យបុរសជាប្តីខឹងក៏វាយប្រពន្ធបែកភ្នែក និងដេញកាប់ប្រពន្ធ និងកូន ហើយបណ្តេញចេញពីបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះឈ្មោះ ចាប ចំរើន អាយុ ២៣ឆ្នាំ មុខរបរលក់បុកល្ហុង ស្នាក់នៅជិត ផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ មានស្រុកកំណើតនៅខេត្តព្រះ វិហារ។ រីឯប្តីកំហូចឈ្មោះ អិត សំអាន អាយុ៣០ឆ្នាំ មុខរបរពេទ្យយោធា នៅជាប់ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយ ទាំងទឹកភ្នែករៀបរាប់ប្រាប់ថា រូបគាត់បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីអស់ រយៈពេលជិត៣ឆ្នាំមកហើយដោយបាន កូនស្រីម្នាក់មានអាយុជាង១ឆ្នាំ តែប្តីរបស់ គាត់ពុំដែលផ្តល់សេចក្តីសុខឲ្យគាត់ម្តងណាឡើយ។ នៅពេលមានផ្ទៃពោះប្តីធ្លាប់ប្រើអំពើហិង្សាជាញឹកញាប់និងធ្លាប់បានលែងលះដាច់គ្នាម្តងដែរ តែប្តីរបស់គាត់នៅតែមករកគាត់ដដែលហើយដោយគាត់ចិត្តទន់ពេកក៏បានរួមរស់ជាមួយគ្នាវិញ ។

ស្រ្តីរងគ្រោះបានបន្តថា កន្លងមកថ្មីនេះដោយសារតែប្តីវាយធ្វើបាបរូបគាត់ញឹកញាប់ ពេកប្រមាណជាងមួយអាទិត្យមុននេះគាត់ បានរត់ទៅស្រុកកំណើតមួយរយៈតែដោយ សារតែគាត់មានការសង្ស័យថា ប្តីគាត់មានស្រីថ្មីទើបសម្រេចចិត្តវិលត្រឡប់មកបន្ទប់ជួលវិញដោយមិនបានប្រាប់ប្តីឲ្យដឹងទេ។ ពេលដែលគាត់មកដល់បន្ទប់ជួលអត់ឃើញ ប្តីដោយទ្វារចាក់សោពីក្រៅគាត់បានទូរស័ព្ទទៅសួរប្តីថា «ឯងនៅឯណា?» ប្តីឆ្លើយថា «ខ្ញុំនៅផ្ទះជួល» ហើយប្តីសួរទៅវិញថា «ចុះ ឯងវិញនៅឯណាដែរ?» គាត់ឆ្លើយថាខ្ញុំ នៅឯស្រុក» ។

បន្ទាប់ពីកុហកប្តីថាខ្លួននៅស្រុកប្រពន្ធនិងកូនអង្គុយចាំមើលប្តីរហូតទាល់តែប្តី មកដល់ឃើញមានឌុបស្រីស្នេហ៍មកជាមួយ ដោយទឹកមុខញញឹមស្រស់ស្រាយ។ ភ្លាមៗ នោះគាត់បាននិយាយថា «មានប្រពន្ធកូន ហើយមានស្រីទៀត អ៊ីចឹងឯងយកស្រីចុះ មិនបាច់យកប្រពន្ធកូនទេ»។ ប្តីរបស់គាត់ បានចោទប្រកាន់គាត់ថា «មានសហាយជា មួយតៃកុងរថយន្តក្រុងហើយបានជាឯងទៅចោលខ្ញុំ»។ គាត់ឆ្លើយថា «ខ្ញុំមានអីណា ឃើញកូននៅនឹងដៃទេអី»។ បន្ទាប់មកប្តីគាត់ខឹងណាស់បានយកឈើមកវាយគាត់ បណ្តាលឲ្យត្រូវចំភ្នែកខាងស្តាំហើយយកកាំបិតបុ័ងតោមកដេញកាប់គាត់ទៀតតែត្រូវប្រជាពលរដ្ឋជួយឃាត់ ហើយដឹកមក ប្តឹងសមត្ថកិច្ច។

ក្រោយពេលកើតហេតុនារីរងគ្រោះ បានមកប្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅតែដោយប្តីរបស់ជនរងគ្រោះជាមន្រ្តីយោធាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ បានណែនាំឲ្យទៅប្តឹងសមត្ថកិច្ចកងរាជ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖