ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់៣នាក់នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងចំនួន ៣នាក់ទៀតបានរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកអ្នកជិះម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចសទិសគ្នា។

ហេតុការណ៍កើតឡើងម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៨ លេខ១៣៩ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2N 2498 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកអ្នកជិះម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសគ្នា បណ្ដាលឲ្យរងរបួស និងស្លាប់រដូករណែលយ៉ាងរន្ធត់ ។

លោក វរសេនីយ៍ត្រី ឯម រុន បន្តថា ជនរងគ្រោះទី១ ឈ្មោះ ហ៊ុល វាសន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាអ្នកបើកបរម៉ូតូ របួសធ្ងន់) និងអ្នករួមដំណើរចំនួន ០៣នាក់ទៀតទី១ ឈ្មោះ លឹម ចាន់អេង ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ(របួសធ្ងន់) ទី២ ឈ្មោះ លឹម ចាន់ហុង ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ(ស្លាប់) និងទី៣ ឈ្មោះ គា កុយ ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ អ្នករងរបួសធ្ងន់ទាំងចំនួន ០៣នាក់នេះ បច្ចុប្បន្ន រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះរបួស និងស្លាប់ទាំងចំនួន ៤នាក់ បានធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក សុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចបត់ឆ្វេង។

លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា ក្រោយកើតហេតុកម្លាំងបានចុះដល់កន្លែង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី ចំណែកជនរងរបួសទាំងចំនួន៣នាក់ បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ។

ដោយឡែកវត្ថុតាងម៉ូតូ និងរថយន្តបានយកទៅរក្សាទុកនៅការិល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំធ្វើការវាលវែងដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖