ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបរថយន្តសាំយ៉ុងដឹកឈើប្រភេទប្រណីតធ្នង់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញសង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បង្រ្កាបរថយន្តម៉ាក សាំយ៉ុង ដឹកជញ្ជូនឈើប្រភេទប្រណីតធ្នង់ ខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ពិនសង្គម ឧត្តម នាយសង្កាតរដ្ឋបាលព្រៃឈើបាកានបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ថា កម្លាំងមន្រ្តីជំនាញដែលបានចូលរួមសហការគ្នាស្ទាក់ឃាត់ចាប់រថយន្តដឹកជញ្ជូនឈើខាងលើ រួមមានសង្កាត់រដ្ឋបាលព្រៃឈើបាកាន សង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ និងខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។

លោក ពិនសង្គម ឧត្តម នាយសង្កាត់រដ្ឋបាលព្រៃឈើបាកានបន្តថា រថយន្តដឹកឈើត្រូវបានកម្លាំងសហការគ្នាធ្វើការបង្រ្កាបខាងលើកម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 2045 ដឹកជញ្ជូនឈើប្រភេទប្រណិតធ្នង់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។

លោក នាយសង្កាតរដ្ឋបាលព្រៃឈើបាកានបន្តទៀតថា ការបង្រ្កាបរថយន្តដឹកឈើខាងលើ ជាឈើប្រភេទប្រណីតធ្នង់មានចំនួន ១៥៤ដុំ ស្មើនឹងចំនួន ១,០៥៤ម៉ែត្រត្រីគុណ ហើយចំពោះវត្ថុតាងទាំងរថយន្ត និងឈើទាំងអស់បានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីស្តីពីរដ្ឋបាលព្រៃឈើ៕ ប៉ឹម ពិន


ចែករំលែក៖