ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺអាសន្នរោគបណ្តាលឱ្យមានមនុស្សស្លាប់ជាង១០០នាក់នៅក្នុង២សប្តាហ៍នៅយេមែន

ចែករំលែក៖

ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ គឺចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ជំងឺអាសន្នរោគ បានសម្លាប់មនុស្សដល់ទៅ១១៥នាក់ ក្នុងប្រទេសយេមែន ។ ក្រៅពីនេះ នៅមានមនុស្ស ៨.៥០០នាក់បានឆ្លងជំងឺនេះ នៅ១៤ខេត្ត ក្រុង ក្នុងប្រទេសដែលរងការបំផ្លាញដោយសង្គ្រាម ។

នាយកប្រតិបត្តិអង្គការកាកបាតក្រហម អន្តរជាតិ ICRC លោក Dominik Stillhart បានបញ្ជាក់ថា យេមែនកំពុង ប្រឈមនឹងវិបត្តិ ជំងឺអាសន្នតរោគ ទ្រង់ទ្រាយធំ ។ លោកបន្តទៀតថា មន្ទីរពេទ្យនៅក្នុងប្រទេសនេះនៅតែបន្ត បើទោះបីមានសង្គ្រាម បំផ្លាញជាទ្រង់ទ្រាយធំក្តី ។ ជំងឺអាសន្នរោគ រាគរូស គឺដោយសារតែការហូបចុក ខ្វះ អនាម័យ ឬ អាហារមានវីរ៉ុស ។

កាលពីឆ្នាំ២០១៦ នៅក្នុងប្រទេសយេមែន មានការរាតត្បាតនៃជំងឺអាសន្នរោគម្តងរួចមកហើយ ដោយសារតែ ខ្វះគុណភាពនៃការហូបចុក បណ្តាលមកពីសង្គ្រាម ហើយនៅពេលនេះ បានបន្តរាលដាក់បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ ពលរដ្ឋនៅទីនោះ។

អង្គការសុខភាពពិភពលោក WHO បានចាត់ទុកយេមែន ជាប្រទេស ដែលត្រូវប្រកាសអាសន្ន ពីកង្វះមនុស្សធម៌ជាទ្រង់ទ្រាយធំ បន្ទាប់ពីស៊ីរី សូដង់ខាងត្បូង នីហ្សេរីយ៉ា និងអុីរ៉ាក់។

យេមែនធ្លាក់ក្នុងសភាពចលាចល ក្រោយពេលកម្លាំងទាហានប្រឆាំង គឺក្រុមឧទ្ទាម ហូធី និងកម្លាំងទាហានដែលស្មោះត្រង់ជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh ដណ្តើមគ្រប់គ្រងទីក្រុងនេះ ក្នុងនោះមានទីក្រុង Sanaa ។

តាមការប្រកាសរបស់ WHO សង្គ្រាមស៊ីវិលអូសបន្លាយនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្ស ជាង ៨ពាន់នាក់ និង ជាង៤៤.៥០០នាក់រងរបួស ចាប់តាំងពី ខែមីនា ឆ្នាំ២០១៥ មកទល់ពេលនេះ ។ ក្រៅពីនេះ ក៏មានមនុស្ស ជាង១៩លាននាក់ស្មើ ៦០ភាគរយ ត្រូវរស់នៅក្នុងស្ថានភាព ខ្វះស្បៀងអាហារបរិភោគ ថ្នាំសង្កូវព្យាបាលជំងឺ ៕ ម៉ែវ សាធី


ចែករំលែក៖