ខេត្តកំពង់ចាម៖ ផ្ទះរបស់ប្រជាពលរដ្ឋសង់អំពីឈើ ប្រក់ ក្បឿង ទំហំ៨ម៉ែត្រគុណ១៥ម៉ែត្រ ចំនួន៣ខ្នង ត្រូវ បាន អគ្គិភ័យឆាបឆេះសល់តែផេះ និងថ្ម ។
ហេតុការណ៍កើតឡើងកាល ពី វេលាម៉ោង ២និង ២០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៧ នៅ ចំណុច ផ្សារ រោងចក្រ ស្ថិត ក្នង ភូមិ អំពិល លើ ឃុំ អំពិល ស្រុក កំពង់ សៀម ខេត្ត កំពង់ចាម ។
អធិការ នគរបាល ស្រុក កំពង់ សៀម លោក វរសេនីយ៍ ទោ ឯក ប៉ានដន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ខៀវ ចន្ថា អាយុ៥៣ឆ្នាំ ជាស្រ្តីមេម៉ាយ ។
លោកបន្តថា ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្តកំពង់ចាម ចុះទៅ អន្តរាគមន៍ ជួយ បាញ់ ទឹក ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង រថយន្តពន្លត់អគ្គិ ភ័យខេត្ត២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត ទើបពន្លត់ភ្លើងឲ្យរលត់ ជា ស្ថាពរ ។
លោកក៏បានបញ្ជាក់ឲ្យដឹងថា ករណី អគ្គិភ័យ នេះ បាន កើតមានឡើង ដោយ ការ សាកថ្មទូរស័ព្ទទុកចោល ទើបបណ្តាលឲ្យ ផ្ទុះ បង្កជាគ្រោះអគ្គិភ័យកើតឡើងតែម្តង ហើយបង្ក ឲ្យខូចខាតឆេះផ្ទះសង់អំពីឈើប្រក់ក្បឿង ទំហំ៨ម៉ែត្រគុណ១៥ម៉ែត្រ ចំនួន៣ខ្នង ម៉ូតូ២គ្រឿង និង ទ្រព្យសម្បត្តិ ផ្សេងៗ ជា ច្រើន ទៀត ៕ វណ្ណះ