ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនទៅបុកឃឿនចិញ្ចើមផ្លូវស្ពានអាកាសស្ទឹងមានជ័យដួលបាក់ជើងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាចុះលើពីស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន និងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកឃឿនផ្លូវក្រោមស្ពានបណ្ដាលឲ្យដួលបោកនិងបង្គោលភ្លើង បាក់ជើងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជាប់នឹងព្រុំប្រទល់សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បើតាមសម្ដីពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CF.8812 បានជិឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅត្បួងទៅជើង ហើយជិះចុះពីឡើងលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ខណៈដល់ផ្លូវកោងមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវនៅក្រោមស្ពាន បណ្ដាលឲ្យដួលបោក និងបង្គោលភ្លើងបាក់ជើងឆ្វេងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្ទួច ។

ក្រោយពេលកើតហេតុ យុវជនដែលរងរបួសធ្ងន់ខាងលើ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយឡែកម៉ូតូរងគ្រោះក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ រងចាំម្ចាស់យកឯកសារ ចូលទៅដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖