ភ្នំពេញ: គ្រាន់តែជជែកគ្នារឿងលក់ផ្ទះ ដោយម្នាក់ថាត្រូវតែលក់ផ្ទះ ឯម្នាក់ទៀតថាកុំលក់ ធ្វើឲ្យបុរស២នាក់ខ្វែងគំនិតគ្នា រហូតប្រើហិង្សាដាក់គ្នាពេលផឹកស៊ី ដោយបុរសអ្នកទាមទារលក់ផ្ទះទៅទាញកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់ ដែលប្រាប់កុំឲ្យលក់ផ្ទះនោះរយះដៃនិងខ្នង រងរបួសធ្ងន់។ ចំណែកបុរសកាប់គេនោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ គ្រាដែលបុរសរងគ្រោះកំពុងត្រូវបានក្រុមគ្រួសារដឹកទៅរុំរបួសនៅមន្ទីពេទ្យ។
ហេតុការណ៍ហិង្សាដាក់គ្នាពីរឿងលកើផ្ទះនេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្លេះ ម៉ាត់ណូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មៃរអ៊ិស្លាម មានទីលំនៅផ្ទះគ្មានលេខក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ(រងរបួសធ្ងន់) ។ ចំណែកជនសង្ស័យមានឈ្មោះ ស្លេះ លីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែអ៊ិស្លាមស្នាក់នៅភូមិជាមួយគ្នា។បុរសនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានផ្គាក់១ដើមជាឧបករណ៍កាប់ទៅលើជនរងគ្រោះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានហូបស្រាបៀរជាមួយគ្នា រួចក្រោយមកទំនងជាស្រវឹងស្រឿងៗក៏ទាស់សម្តីគ្នាអំពីការលក់ផ្ទះដោយ ជនសង្ស័យនិយាយថា គាត់ចង់លក់ផ្ទះទៅរស់នៅកន្លែងផ្សេង តែជនរងគ្រោះវិញបានប្រាប់ថាកុំឲ្យលក់អី ស្តាយផ្ទះព្រោះរស់នៅកន្លែងនេះបានសុខសប្បាយទេ។ ពេលនោះក៏ប្រកែកគ្នាតឹងសរសៃកអំពីមិតផ្ទុយគ្នានេះ រហូតជនសង្ស័យខឹងក៏រត់ទៅយកផ្គាក់មកកាប់ជាច្រើនកាំបិតទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់តែម្តង។
ក្នុងសកម្មភាពហិង្សាយ៉ាងកំរោលនេះបានឮដល់កម្លាំងនគរបាលខណ្ឌឬស្សីកែវទើប សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ បានចុះអន្តរាគមន៍ ហើយបាន ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីអនុវត្តន៍តាមនីតិវិធី។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ៕ ប្រាថ្នា