ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ទម្ងន់ជាង៥០គីឡូក្រាមជាប់ពាក់ព័ន្ធជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ ករណីបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំមួយបានធ្វើឡើងជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងនៅខេត្តរតនគិរី ដែលលទ្ធផលបណ្តោះអាសន្នបង្ហាញថា គ្រឿងញៀនជាង៥០គីឡូក្រាមត្រូវបាន ប្រមូល និងជនសង្ស័យជាច្រើននាក់ត្រូវ បានចាប់ខ្លួន និងកំពុងតាមចាប់មួយចំនួន ទៀតដែលខ្លះក្នុងចំណោមជនសង្ស័យទាំងនេះមានមេខ្លោងជាជនបរទេសថែមទៀត។

ប្រភពពីមន្ត្រីនគរបាលក្រសួងមហាផ្ទៃបានបង្ហើបថា វាជាករណីធំមួយដែលចាំ បាច់ត្រូវមានកិច្ចសហការជាមួយបណ្តា ប្រទេសនានាដែលជាប់ពាក់ព័ន្ធក្នុងរឿង នេះ ។ ប្រភពនិយាយថា “មិនមែនជារឿង លេងសើចទេ គ្រឿងញៀនជាង៥០គីឡូ ក្រាម។ យើងមិនដឹងថា វាធ្វើសកម្មភាព តាំងពីពេលណាមកនោះទេ”។

មន្រ្តីនគរបាលក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិនឹងលាតត្រដាង បញ្ហាគ្រឿងញៀនដែលរឹបអូសបានប្រមាណ ជាង៥០គីឡូក្រាមរួមទាំងជនសង្ស័យ ។

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកនាយឧត្តម សេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ការបង្ក្រាប គ្រឿងញៀននេះផ្ដើមចេញពីការបង្ក្រាប ករណីតូចតាចមុន បន្ទាប់មកក៏ឈានទៅ រឹបអូសបានគ្រឿងញៀនជាង២គីឡូក្រាមនៅក្នុងខណ្ឌដូនពេញដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមនោះមានម្នាក់ពាក់ព័ន្ធរឿងនេះ។ ក្រោយមកសមត្ថកិច្ចក៏បន្តប្រតិបត្តិការបង្ក្រាបនៅគោលដៅមួយកន្លែងទៀតជិតវត្តសំរោងអណ្ដែត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខដោយរឹបអូស បានគ្រឿងញៀនជាច្រើនគីឡូក្រាមរួមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់។ លុះដល់ពេល រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ការសហការក៏បានបន្តនៅខេត្តរតនគិរីរហូតឈានដល់ការចាប់បុរសម្នាក់ជាថៅកែ សណ្ឋាគាររតនសម្បត្តិ ហើយក៏បញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសាកសួរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបាន ទម្លាយថា ក្រៅពីថៅកែសណ្ឋាគាររតន សម្បត្តិជាមេខ្លោងគ្រឿងញៀនហើយនោះ គឺមានឧក្រិដ្ឋជនធំជាងនេះបន្ថែមទៀត នៅឯក្រៅប្រទេស ហើយពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីឈានដល់ការបំបែកសំណុំរឿង ឬលាតត្រដាង ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ី ឡាឡាយ ជន ជាតិខ្មែរ អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតន គិរី ជាថៅកែសណ្ឋាគាររតនសម្បត្តិបន្ទាប់ ពីរកឃើញថាពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅរាជធានីភ្នំពេញ ។

មុនពេលចាប់ខ្លួនថៅកែសណ្ឋាគាររតន សម្បត្តិសមត្ថកិច្ចបានឃាត់មនុស្ស៣-៤ នាក់រួចមកហើយនៅខណ្ឌដូនពេញ និង ខណ្ឌសែនសុខជាមួយនឹងថ្នាំញៀនជាង ៥០គីឡូក្រាម ។

នេះជាលើកទី១ហើយសម្រាប់ឆ្នាំ ២០១៧ដែលសមត្ថកិច្ចបានបំបែកសំណុំរឿងករណីគ្រឿងញៀនដោយរឹបអូសបានថ្នាំជាង៥០គីឡូក្រាម ហើយពេលនេះ សមត្ថកិច្ចកំពុងបន្តប្រមាញ់មេខ្លោងនៅ ពីក្រោយ ៕ ហេង សូរិយា


ចែករំលែក៖