ភ្នំពេញ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ នៅពេលដែលរូបគេក្រោកពីដំណេកហើយបានដើរទៅដកឌុយកង្ហារចេញពីព្រីភ្លើង ដែលមានសភាពបែក ភ្លាមៗនោះត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលកូនរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហេតុការណ៍បានកើតឡើងកាលពីម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សពមានឈ្មោះ យឿ យ៉ុត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅការដ្ឋានសំណង់ជាមួយឪពុកម្តាយកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិឫស្សីជុក ឃុំសៀងក្វៀង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
តាមសំដីសាច់ញាតិបានប្រាប់ថា មុនកើតហេតុក្រោយពីកុមារាខាងលើក្រោកពីដេកបានទៅដកឌុយកង្ហារចេញពីព្រីភ្លើង (ដែលមានសភាពបែក) ខណៈដកស្រាប់តែឆក់ប្រកាច់ ពេលនោះក្មេងៗដែលនៅក្បែរបានស្រែកហៅឪពុកម្តាយក្មេងរងគ្រោះដែលកំពុងធ្វើការក្បែរនោះឲ្យមកជួយនិងដឹកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែអកុសល ក្មេងខាងលើបានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ។
បច្ចុប្បន្នសពក្មេងប្រុសនោះត្រូវបានឪពុកម្តាយដឹកតាមរថយន្តរបស់មន្ទីរពេទ្យព្រះកុសុមៈយកទៅធ្វើបុណ្យនៅស្រុកកំណើត ។
នេះជាមេរៀនមួយសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសឲ្យសោះ នៅពេលឃើញព្រីភ្លើងបែក ឫក៏ខ្សែភ្លើងដាច់ត្រូវតែយកស្កុតមករុំឲ្យបានត្រឹមត្រូវ និងប្តូរថ្មី ចៀសវាងមានករណីដូចខាងលើនេះ ៕ តុង សីហា