ភ្នំពេញ៖ ជិះម៉ូតូហុងដាឌ្រីមលក់សណ្តែកដីឆ្លងកាត់ផ្លូវស្ងាត់បោះពួយលឿន ក៏បានពន្លះជាមួយម៉ូតូ MSX ដែលជិះចេញពីផ្លូវតូចបណ្តាលឲ្យម្ចាស់ហុងដាឌ្រីម រងរបួសបាក់ជើងខាងស្តាំបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្ចាស់ម៉ូតូ MSX បែរជារត់ចោលម៉ូតូបាត់ស្រមោល ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២២និង១៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបេតុងចូលវត្តពោធិញាតិ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេបានឃើញម៉ូតូហុងដាឌ្រីម ២០១៥ ស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ពេលដែលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូម៉ាក់ MSX អត់ស្លាកលេខមួយគ្រឿង ធ្វើដំណើរដោយបុរសម្នាក់ក្នុងអការៈស្រវឹង ជិះចេញពីផ្លូវតូចដោយមិនបានមើល ក៏ម៉ូតូហុងដាឌ្រីមខាងលើបុកបណ្តាលឲ្យរងរបួសតែម្តង ។
ក្រោយពេលកើតហេតុ គឺមានរថយន្តមន្ទីរពេទ្យឯកជនមួយបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកម្ចាស់ម៉ូតូ MSX បានរត់គេខ្លួនបាត់ស្រមោល រីឯសមត្ថកិច្ចបានត្រឹមវាស់វែងយកម៉ូតូទាំងសងខាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ភារ៉ា ដង្កោ