ព័ត៌មានទាន់ហេតុការណ៍៖

ពេទ្យសត្វខេត្តបន្ទាយមានជ័យចាប់ជ្រូកក្រុមហ៊ុន២ដឹកលើសចំនួនកំណត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុនក្នុងស្រុក២មានច្បាប់អនុញ្ញាតនាំចូលជ្រូកពីប្រទេសវៀតណាមមកកម្ពុជា ត្រូវបាន មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យផាក ពិន័យជាទឹកប្រាក់២លានរៀល ក្នុងការនាំជ្រូកចូលលើសចំនួនដែលច្បាប់កំណត់។ ការផាកពិន័យនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើ កំណាត់ផ្លូវលេខ258D ក្នុងភូមិស្នួរទ្រេត ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដើម្បី អនុវត្តច្បាប់ និងទប់ស្កាត់ហានិភ័យជំងឺ​​ឆ្លងសត្វ និងបង្វែរមកលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុករបស់ពលរដ្ឋកម្ពុជាមន្ត្រីរបស់លោកតែងធ្វើការត្រួតពិនិត្យរហូតឈាន ដល់ឃាត់រថយន្តរបស់ក្រុមហ៊ុន​ចំនួន២ គឺក្រុមហ៊ុនដានីដេង និងក្រុមហ៊ុន Y.K.M។ ក្រុមហ៊ុនទាំង២នេះមានច្បាប់ អនុញ្ញាតពីក្រសួងក្នុងការនាំចូលជ្រូកពីវៀតណាមមកចែកចាយក្នុងខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែក្រុមហ៊ុនទាំង២បានដឹកជ្រូករួមគ្នាលើរថយន្តតែមួយចំនួន៩៦ក្បាល លើស ពីច្បាប់កំណត់ឲ្យត្រឹមតែ៧៥ក្បាល ។

លោកបានបន្តថា តាមការត្រួតពិនិត្យ ឃើញថា ជ្រូកមានសុខភាពល្អ និងមាន លិខិតបញ្ជាក់ពីសុខភាពសត្វពីប្រទេសវៀតណាម និងពីពេទ្យសត្វមូលដ្ឋានច្រកចូលដើមទីនៃច្រកត្នោត ខេត្តត្បូងឃុំ។ ដោយសារតែការពិនិត្យពុំឃើញមានជំងឺឆ្លងមន្ត្រី ពេទ្យសត្វបានសម្រេចធ្វើការពិន័យទៅតាមច្បាប់ជាទឹកប្រាក់ចំនួន២លានរៀល ៕ សហការី


ចែករំលែក៖