ភ្នំពេញ៖ លោក ឈាង វុន សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិ បត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើបទបង្ហាញដល់ មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាអំពីអ្វីទៅដែលហៅថាបដិវត្តន៍ពណ៌និងវិនាសកម្មនៃសង្រ្គាម?
លោក ឈាង វុន អ្នកនាំពាក្យនៃរដ្ឋសភាបានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍ដែលបានបំផ្លាញអ្វីៗទំាងអស់ស្ទើរគ្មានសល់ទំាងហេដ្ឋារចនាសម្ព័ន្ធសង្គមនិងធនធានមនុស្ស ពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ។ សន្តិភាពនៅកម្ពុជាបានផ្តើម កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានឥស្សរជនជាន់ខ្ពស់កម្ពុជាពីររូបបានខិតខំត្រួសត្រាយផ្លូវដ៏លំបាកជាច្រើននាំសន្តិភាពជូនពលរដ្ឋខ្មែរគឺសម្តេចឪព្រះបរមរតនកោដ្ឋអតីតព្រះមហាវីរក្សត្រកម្ពុជានិង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
អ្នកនាំពាក្យរូបនេះបានបន្តថា ភ្លើង សង្រ្គាមត្រូវបានរលត់និងធ្វើការផ្សះផ្សា ជាតិការបង្រួបបង្រួមជាតិទំាងស្រុងដែលកើតឡើងនៅឆ្នាំ១៩៩៨ក្រោមយុទ្ធសាស្រ្ត ឈ្នះ=ឈ្នះរបស់សម្តេចតេជោដែលបានដាក់ចេញដើម្បីឲ្យមានការបង្រួបបង្រួមជាតិទំាងស្រុង ហើយខ្មែរបានរួមរស់ជាមហា គ្រួសារតែមួយគ្មានខ្មែរក្រហមខ្មែរសនោះ ឡើយ។ សន្តិភាពនិងការអភវិឌ្ឍនៅកម្ពុជា បានឆ្លងកាត់ផ្លូវដ៏លំបាកទម្រាំទទួលបានការអភិវឌ្ឍដូចពេលបច្ចុប្បន្នស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅក្នុងតំបន់និងពិភពលោកនោះ ។
លោក ឈាង វុន បានបង្ហាញថា «យើងទំាងអស់គ្នានៅក្នុងសង្គមបានរួមគ្នាកសាងប្រទេសយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ យើងទំាងអស់គ្នាគ្រប់ និន្នាការនយោបាយបានរួមរស់ដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ដូច្នេះបើយើង ប្រហែសឬជឿតាមការឃោសនាការអូស ទាញណាមួយ ពិសេសបើយើងបណ្តោយឲ្យសកម្មភាពបដិវត្តន៍ពណ៌កើតឡើងនៅលើទឹកដីយើងនោះយើងនឹងបាត់បង់នូវ អ្វីៗ ដែលមាននៅថ្ងៃនេះទំាងអស់ទៅវិញ»។
លោកប្រធានគណៈកម្មការកិច្ចការ បរទេសសហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះប្រទេសមួយចំនួនក្នុងសាកលលោក ជាពិសេសប្រទេសក្នុង មជ្ឈិមបូព៌ាបានទទួលរងគ្រោះដោយបដិ វត្តន៍ពណ៌ ហើយប្រទេសទាំងនោះបាន ទទួលការបំផ្លិចបំផ្លាញ ធ្លាក់យ៉ាងជ្រៅក្នុងភ្លើងសង្គ្រាម។ សង្គ្រាមដែលប្រជាពលរដ្ឋ នៃប្រទេសទាំងនោះ មិននឹកស្មានដល់ ដែលទទួលបាននូវភាពវិនាសហិនហោច ខ្លោចផ្សា ស្លាប់ ពិការ រត់ភៀសខ្លួន ព្រាត់ប្រាសគ្រួសារហើយប្រជាពលរដ្ឋទាំងនោះ នៅតែបន្តរស់នៅយ៉ាងលំបាកលំបិន ឈឺចាប់ខ្លោចផ្សា ក្នុងភ្នក់ភ្លើងសង្គ្រាម រហូតដល់សព្វថ្ងៃ។
តាមការសិក្សាស្រាវជ្រាវដោយផ្ទាល់ លោក ឈាង វុន បានលើកឡើងថា ជា ទូទៅទម្រង់បដិវត្តន៍ពណ៌មាន១២ដំណាក់កាល ៖
បដិវត្តន៍ពណ៌បានបង្កើតឡើងដោយ ប្រទេសមហាអំណាច ប្រឆំាងទៅលើរដ្ឋាភិបាលប្រទេសណាមួយដែលមិនស្តាប់ បញ្ជារបស់ខ្លួន។ ជាទូទៅក្រុមបដិវត្តន៍ពណ៌ នេះបានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្លូវការ ជនតំាងខ្លួនជាអ្នកវិភាគឯករាជ្យ យុវជន និស្សិតបង្កើតវោហារសព្ទវាយ ប្រហាររដ្ឋាភិបាល ក្រោមលេសថារដ្ឋាភិ បាលនោះផ្តាច់ការ រំលោភសិទ្ធិមនុស្ស ឬគ្មានលទ្ធិប្រជាធិបតេយ្យជាដើម។ ជាមួយគ្នានេះពួកគេក៏បង្កើតជាចលនាបាតុកម្ម ទាមទារតាមដងផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដើម្បីឲ្យពលរដ្ឋអ្នក នយោបាយបរទេស ដែលមិនយល់សភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេសនោះ យល់ច្រឡំហើយគិតថានោះជាបញ្ហាពិតប្រាកដ។
លោក ឈាង វុន បានលើកឡើងថា បដិវត្តន៍ពណ៌ជាចលនាដែលធ្វើសកម្មភាពបំភិតបំភ័យពលរដ្ឋ ធ្វើឲ្យពលរដ្ឋបាត់ជំនឿលើរដ្ឋាភិបាលហើយដើរតាមឧបាយកល របស់ពួកគេ។ ប្រសិនបើការឃោសនាបំភិត បំភ័យមិនបានសម្រេចពួកគេនឹងស្នើសុំ អន្តរាគមន៍យោធាដើម្បីវាយប្រហារប្រទេសដែល មិនស្តាប់បញ្ជារបស់ខ្លួនតែម្តង។ នៅចុងបញ្ចប់ប្រទេសនោះនឹងធ្លាក់ក្នុងភ្លើង សង្រ្គាម ។
លោក ឈាង វុន បានលើកឡើងថា ជាទម្លាប់របស់ក្រុមក្រោយឆាកនេះ ច្រើនប្រើប្រាស់ឱកាសនៅក្នុងប្រទេសណាមួយ ដែលរៀបចំការបោះឆ្នោត គឺពួកគេធ្វើ សកម្មភាពនៅមុនពេលបោះឆ្នោត ពេល បោះឆ្នោត និងក្រោយពេលបោះឆ្នោត តាមរូបភាពនៃការលើកឡើងគ្មានការពិត ភាពមិនប្រក្រតីនៃការបោះឆ្នោតជាដើម។
លោកប្រធានគណៈកម្មការបានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមការពារ ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមានដើម្បីកុំឲ្យទឹកដីអង្គរនេះ ធ្លាក់ចូលក្នុងការប្រើប្រាស់ជាឧបករណ៍ បដិវត្តន៍ពណ៌ កើតជាភ្លើងសង្រ្គាមតាម មហិច្ឆតារបស់មហាអំណាចនិងក្រុមណាមួយឲ្យសោះ។ នៅក្នុងបទបង្ហាញនេះលោក ឈាង វុន ក៏បានលើកឡើងឧទាហរណ៍ខ្លះនៅតាមប្រទេសមួយចំនួនដែលពលរដ្ឋ កំពុងរងទុក្ខវេទនា ព្រាត់ប្រាសគ្រួសារ ប្រទេសជាតិខ្ទេចខ្ទីដោយភ្លើងសង្រ្គាមបដិវត្តន៍ពណ៌ដូចជា នៅតំបន់មជ្ឈិមបូព៌ា មានប្រទេសលីប៊ី ស៊ីរី និងកម្ពុជាក្នុងឆ្នាំ ១៩៧០ជាដើម ៕ ហេង សូរិយា