ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ និងមន្ដ្រីជំនាញ ក្រោមឱវាទ បានចុះ ពិនិត្យផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្ដូរទៅ ចាក់បឹតុ ប្រវែង៤៥៥០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ស្ថិតក្នុងខណ្ឌឫស្សីកែវ នៅថ្ងៃទី២៤ ឧសភា ឆ្នាំ ២០១៧ ។
ក្នុងឱកាសចុះពិនិត្យនេះ ប្រជាពលរដ្ឋ ក៏បានស្នើសុំ ឲ្យអាជ្ញាធររាជធានី ជួយដោះស្រាយផល ប៉ះពាល់ ដល់ពួកគាត់ឲ្យបានឆាប់រហ័ស និងប្រាប់ពីគម្រោង ការផ្លាស់ទីលំនៅរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់សប្បាយចិត្ត។ ជាងនេះទៅទៀត ប្រជាពលរដ្ឋក៏បានបង្ហាញនូវការ គាំទ្រចំពោះគម្រោង អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ដែលបាន និងកំពុងអភិវឌ្ឍន៍តំបន់ផ្លូវដែក ក្នុងខណ្ឌ ឫស្សីកែវនេះផងដែរ។ សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងគម្រោងនេះ ប្រមាណជាង ២០០០ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរងផល ប៉ះពាល់ ទាំងស្រុង ចំនួន១១៤៩ គ្រួសារ ។
ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស បានសន្យាចំពោះប្រជាពលរដ្ឋ នៅក្នុងតំបន់នោះថា ៖ អាជ្ញាធររាជធានី នឹងខិតខំដោះស្រាយបញ្ហា ជូនពួកគាត់ឲ្យបានឆាប់ចប់ ដោយបន្តសិក្សាពីផលប៉ះពាល់ និងដោះស្រាយបន្តិចម្ដងៗឲ្យបានចប់សព្វគ្រប់។
ក្នុងនោះលោកអភិបាល បានប្រាប់ប្រជាជនថា កុំឲ្យភ័យពីរឿងបាត់បង់លំនៅឋាន បើគម្រោងអភិវឌ្ឍន៍ប៉ះពាល់អស់ផ្ទះ លោកនឹងផ្តល់ផ្ទះឲ្យ ដោយនៅក្នុងសង្កាត់ដដែល គឺនៅមិនឆ្ងាយពីកន្លែងចាស់នោះទេ៕ សំរិត