ព័ត៌មានទាន់ហេតុការណ៍៖

ប្តី ប្រពន្ធ ជនជាតិខ្មែរពីរនាក់ចាក់សម្លាប់គ្នានៅប្រទេសថៃ មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ប្រទេសថៃ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេបានឃើញជនជាតិខ្មែរ ពីរនាក់ដែលត្រូវជាប្តី ប្រពន្ធ នឹងគ្នា បានចាក់សម្លាប់គ្នានៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំឡេងឈ្លោះប្រកែកគ្នាមួយសន្ទុះរួចមក ។ បញ្ហានេះ នៅមិនទាន់មានសមត្ថកិច្ចណាមួយសន្និដ្ឋានអំពីមូលហេតុបានឡើយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើង និងឈានដល់ការចាក់សម្លាប់គ្នាបែបនេះ គឺនៅវេលាម៉ោង ៦ ព្រលប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅរបស់ពលករខ្មែរ ដែលស្ថិតនៅខាងក្រោយស្ថានីយប្រេងឥន្ធនៈសាត់កូ ផ្ទះលេខ៧០ ភូមិ៨ ឃុំតានដៀវស្រុកកែងខយ ខេត្តសារៈបុរី ប្រទេសថៃ ។

បើរតាមការរៀបរាប់ពីសាក្សីមួយចំនួន ដែលស្នាក់នៅបន្ទប់ក្បែគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានឮប្តី ប្រពន្ធ ទាំងពីរនាក់នេះ មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដែលពួកគេមិនដឹងថា ដោយសារមូលហេតុអ្វីនោះទេ ហើយបន្ទាប់ពីសំឡេងយំ ស្រែកបានស្ងប់ស្ងាត់ ទើបពួកគេមានការសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យចុះមកត្រួតពិនិត្យ ជាលទ្ធផលក៏បានប្រទះឃើញជនទាំងពីរនាក់ដេកស្លាប់នៅក្នុងថ្លុកឈាមអស់ទៅហើយ ។

ក្រោយពេលចុះត្រួតពិនិត្យ ក្រុមតម្រួតថៃបានអះអាងថា សពជនរងគ្រោះទាំងពីរនាក់នេះ គឺជាប្តី ប្រពន្ធ នឹងគ្នា ដោយបានមកធ្វើការនៅក្នុងប្រទេសថៃជាយូរមកហើយ ដោយបុរសជាស្វាមីមានឈ្មោះ មុី មឿន អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ មុី មាសមល អាយុ៣០ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅខេត្តតាកែវ ហើយក្រោយមក ក៏បានមករស់នៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ ។

សមត្ថកិច្ចថៃបានសន្និដ្ឋានជំហានដំបូងថា ក្រោយពីមានទំនាស់គ្នាយ៉ាងខ្លាំង និង មិនអាចរកវិធីដោះស្រាយបាន បុរសជាប្តីបានសម្រេចចិត្តប្រើប្រាស់កូនកាំបិតចិត្តផ្លែឈើអារ ក ប្រពន្ធស្លាប់ភ្លាមៗតែម្តង បន្ទាប់មក ក៏បានប្រើប្រាស់កន្សែងចង ក ខ្លួនឯងទៅ នឹងកង្ហារពិដាន ប៉ុន្តែការធ្វើអត្តឃាតនេះមិនបានសម្រេច ទើបប្រើកូនកាំបិតដដែលចាក់ទៅលើខ្លួនប្រាណដើម្បីសម្លាប់ខ្លួនរហូតបានសម្រេច ។

បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញបាននាំយកសពទាំងពីរនាក់ប្តី ប្រពន្ធ ទៅពិនិត្យដើម្បីធ្វើ កោសល្យវិច័យសារជាថ្មី និងត្រៀមរៀបចំទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវរកសាច់ញាតិក្នុងការបញ្ជូនសពត្រឡប់មកកម្ពុជាវិញ នាពេលខាងមុខនេះ ។

រាល់បញ្ហាខាងលើនេះ មិនអាចទាក់ទង និងសុំការបំភ្លឺពីលោក ចំរើន ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃបានទេ តាមរយ:ទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ៕ វណ្ណា


ចែករំលែក៖