ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកនៅផ្លូវព្រៃសរ ខណៈពេលដែររថយន្តសាំយ៉ុងមួយគ្រឿងបើកបរគេចពីរុឺម៉កម៉ូតូ រេចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលម្ចាស់ឈប់នៅកែងផ្លូវ បណ្ដាលឲ្យធ្លាក់ប្រឡាយទាំងម៉ូតូ និងម្ចាស់ រួមនឹងរថយន្តបង្ក តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
ហេតុការណ៍នោះដែរ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ កែងផ្លូវទៅវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-2111 ដែលបើកបរដោយបុរសម្នាក់មានឈ្មោះ សុខ រ៉ាយុទ្ធ អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានបើកបរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរុឺម៉កម៉ូតូមួយគ្រឿងបានបើកកាត់ពីមុខ ដោយចេញពីវត្តឬស្សីសាញ់ ធ្វើឲ្យរថយន្តបង្កបើកគេច ក៏បួងចង្កូតទៅបុកម៉ូតូម៉ាកហង់ដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ គ្មានស្លាកលេខ ដែលម្ចាស់មានឈ្មោះ ហៃ គឹមអាត អាយុ២១ឆ្នាំ មុខរបរជាងសំណង ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជិះម៉ូតូមកចតនៅកែងផ្លូវ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទាំងម៉ូតូនិងម្ចាស់រួមទាំងរថយន្តបង្ក ធ្វើឲ្យម្ចាស់ម៉ូតូរបួសបែកក្បាលសំណាងល្អរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះនៅទីនោះ ។ ដោយភាគីខាងរថយន្តបង្កនិងភាគីខាងម៉ូតូរងគ្រោះបានចរចារគ្នាត្រូវនៅនិងកន្លែងកើតហេតុ ព្រោះភាគីខាងរថយន្តព្រមសងថ្លៃខូចខាតទាំងអស់លើជនរងគ្រោះ ទើបសមត្ថកិច្ចសម្រួលចរាចរណ៍រួចក៏បានដកកម្លាំងចេញវិញជាធម្មតា ៕ ភារ៉ា ដង្កោ