ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលជាតិស្រវឹងធ្វើឲ្យលោកផ្កាយ១បើករថយន្តបុកម៉ូតូទាំងកំរោលរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីមួយរូបបាន បើករថយន្តឡិចស៊ីស ចេញពីកម្មពិធីជប់លៀង ក្នុងស្ថានភាពស្រវឹងបត់ឆ្លងផ្លូវលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ម្នាក់ពេលមេឃកំពុងតែភ្លៀងរលឹមនាវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សីត្រង់ចំណុច DN ស្ថិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យជាង៤៩ឆ្នាំបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ តាកែវ 1J-1461 ធ្វើដំណើរមកតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត។ពេល មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្ក ម៉ាកឡិចស៊ីស470 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-2609 បើកបរដោយបុរសរាងចំណាស់ម្នាក់ពាក់ផ្កាយមួយយោធា ទើបតែចេញមកពី កម្មពិធីជប់លៀងបានធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ល្បឿនយ៉ាងលឿន មកដល់ផ្លូវបត់ មិនបានស៊ីញ៉ូ និងបន្ថយលឿនទេ បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម បណ្តាលឱ្យម៉ូតូ គាបជាប់នៅក្រោមរថយន្តតែម្តង។ ចំណែកឯម្ចាស់ម៉ូតូវិញ ខ្ទាតទៅបុកក្បាលនៅនឹងខឿនសួនច្បារ បែកក្បាល រយះដៃខាងស្តាំ រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅគ្លីនិកហុងហាក់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ទើបលោកផ្កាយ១ បានឡើងទៅកាច់ស៊ីញ៉ូរថយន្ត របស់គាត់តាមក្រោយ ហើយប្រាប់ឱ្យអ្នករត់រ៉ឺម៉កម៉ូតូ ជួយធ្វើសាក្សីផង ម៉ូតូជិះបុករថយន្តរបស់គាត់មិនមែនគាត់បុកគេទេ ។

យ៉ាងណាក្រោយពេលកើតហេតុ រថយន្តបង្ករួមនឹងម៉ូតូ ត្រូវសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរ ចរាចរណ៍ផ្លូវគោករាជធានី រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ប្រាថ្នា

 


ចែករំលែក៖