ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាង១០០នាក់នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅហ្វីលីពីន

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមវាយប្រហាររវាងរដ្ឋាភិបាល នឹងក្រុមភេរវកម្មនៅទីក្រុង ម៉ារ៉ាវី ភាគខាងត្បូងហ្វីលីពីនកើនឡើងដល់ជាង១០០នាក់ហើយ ក្នុងនោះមានពលរដ្ឋស្លូតត្រង់ ២៧នាក់និង ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ៦១នាក់ ។

សារព័ត៌មាន RT បានផ្សាយថា មានពលរដ្ឋប្រមាន២០០០នាក់ ជាប់គាំនៅខាងក្នុង ពេលដែលខ្មាន់កាំភ្លើងក្រុមម៉ៅទេ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS វាយប្រហារ បង្ខាំងធ្វើចំណាប់ខ្មាំង ហើយប្រកាសថា នឹងសម្លាប់បើមានសកម្មភាពក្បត់នោះ។

មកទល់ពេលនេះ មានពលរដ្ឋស្លូតត្រង់ ២៧នាក់ស្លាប់នៅទីក្រុងម៉ារ៉ាវី ចាប់តាំងពីក្រុមឧទ្ទាម ម៉ៅទេ បើកការវាយប្រហារ ដណ្តើមគ្រប់គ្រងទីក្រុងនោះ តាំងពីថ្ងៃទី២៣ ខែឧសភា ។ ក្នុងចំណោមពលរដ្ឋស្លាប់ មាន ៨នាក់ ទើបតែរងការសម្លាប់ នាពេលថ្មីនេះ ដែលជាកម្មកររបស់រោងចក្រកឹនស្រូវ និងបុគ្គលិកសាលាពេទ្យនៅទីនោះ។ អ្នកនាំពាក្យកម្លាំងទាហាននៅក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋដែលរងការសម្លាប់មានស្ត្រី និងកុមារផងដែរ។

ក្រៅពីការស្លាប់ រងរបួស ទៅលើពលរដុ្ឋស្លូតត្រង់ នៅមានទាហាន ១១នាក់ស្លាប់ និង៤នាក់រងរបួស ក្នុងរយៈពេល១ខែ នៃការវាយប្រហារគ្នា។ ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងទាហានហ្វីលីពីនបានឲ្យដឹងថា បានសម្លាប់ក្មាន់កាំភ្លើង ម៉ៅទេ ៦១នាក់ផងដែរ។

មេទ័ពដឹកនាំការវាយប្រហារ ក្រុមឧទ្ទាមបានបញ្ជាក់ថា យុទ្ធនាការវាយប្រហារនោះ ធ្វើឲ្យកម្លាំងក្រុមភេរវកម្ម ចុះខ្យោយយ៉ាងខ្លាំង ប៉ុន្តែ ក្រុមនេះនៅតែជាការគ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រង់នៅទីនោះ។ មេទ័ពហ្វីលីពីនបញ្ជាក់ថា ពេលនេះ កំពុងតែខ្វះគ្រាប់ និងស្បៀងអាហារដើម្បីទប់ទលនឹងក្រុមភេរវកម្ម។

នៅក្នុងយុទ្ធនាការវាយប្រហាររបស់កម្លាំងទាហានហ្វីលីពីនដើម្បីរំដោះពលរដ្ឋស្លូតត្រង់ ដែលជាប់គាំងនៅតំបន់ដែលក្រុមម៉ៅទេ គ្រប់គ្រង ក៏បានរំដោះពលរដ្ឋ ១២៤នាក់ ផងដែរ។

ក្រុមអ្នកវិភាគបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការគ្រប់គ្រង កោះមីនដាណាវ ទាំងមូល ហើយពង្រីកទីតាំងគ្រប់គ្រង របស់ក្រុម IS ប្រសិនបើកម្លាំងទាហានហ្វីលីពីនមិនអាចយកឈ្នះក្រុមនេះ ក្នុងពេលខ្លីទេនោះ។ នៅពេលដែលមានការចូលរួមពីក្រុម IS នៅខាងក្រៅ សង្គ្រាមប្រឆាំង ក្រុមនេះ នឹងកាន់តែលំបាក់ដូចនៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់ជាដើម បង្កឲ្យមានវិបត្តិជនភៀសខ្លួន នៅក្នុងតំបន់។

កន្លងមក កងទ័ពហ្វីលីពីនបានទទួលបរាជ័យយ៉ាងជូរចត់ក្រុមខ្មាន់កាំភ្លើង បានវាយបករុញកងសន្តិសុខជាតិ ហើយចូលគ្រប់គ្រងក្រុង ដោយទង់ជាតិខ្មៅរដ្ឋអ៊ីស្លាម ព្រមទាំងចាប់ខ្លួនសង្ឃកាតូលិក និងប្រជាជន១៤នាក់ជាចំណាប់ខ្នាំង។ អំពើហិង្សានេះបានជំរុញឱ្យប្រធានាធិបតី ឌុយទែរតេ បង្រួញទស្សនកិច្ចនៅរុស្ស៊ីហើយប្រកាសដាក់តំបន់ភាគខាងត្បូង ទីក្រុងសំខាន់ទីពីររបស់ហ្វីលីពីនឲ្យស្ថិតក្នុងច្បាប់អាជ្ញាសឹក តាំងពីថ្ងៃអង្គារសប្តាហ៍មុនកន្លងមក ។

ដើម្បីបោសសម្អាតពួកជ្រុលនិយមឱ្យអស់ពីទីក្រុង ទាហានហ្វីលីពីនបានទទួលបញ្ជាឱ្យការទម្លាក់គ្រាប់បែកលើតំបន់មានផ្ទះសម្បែងប្រជាជនណា ដែលគេសង្ស័យថា មានពួកអ៊ីស្លាមជ្រុលនិយមចូលលាក់ខ្លួន ។ ក្រៅពីស្លាប់ជនស៊ីវិល១៩នាក់ ទាហាន១៣នាក់ ប៉ូលិសពីរនាក់ និងសកម្មជនអ៊ីស្លាមជ្រុលនិយម៥១នាក់ បានបាត់បង់ជីវិត។ ប្រជាជនភាគច្រើនបាននាំគ្នារត់ភៀសខ្លួនចាកចេញពីក្រុង។

បើតាមលោកប្រធានាធិបតី ឌុយទែរតេ ពួកកាន់អាវុធអ៊ីស្លាមជ្រុលនិយមទាំងនោះជាពួកឧទ្ទាមនៃក្រុមMaute ដែលបានភ្ជាប់ខ្លួនទៅនឹងអង្គការរដ្ឋអ៊ីស្លាមហើយទទួលការគាំទ្រពីក្រុមឧក្រិដ្ឋជនក្នុងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖