គ្រោះធម្មជាតិវាយប្រហារប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ បង្កឲ្យមានលិចលង់តំបន់មួយចំនួនក្នុងក្រុងបាងកក ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងគឺប្រទេសស្រីលង្ការ ដោយមកទល់ពេលនេះមានអ្នកស្លាប់កើតឡើងដល់ទៅ១៦៤ និងបាត់ខ្លួន ១០៤នាក់ ។
សារព័ត៌មាន ស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយដកស្រង់ការប្រកាស ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសស្រីលង្កា និងបង្កឲ្យមានករណីបាក់ដីហូរច្រោះបានកើនឡើង១៦៤នាក់ហើយ ។ រីឯពលរដ្ឋចំនួន ១០៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។
គ្រោះទឹកជំនន់ខាងលើ បណ្តាលឲ្យពលរដ្ឋប្រមាណជាង ៤០០.០០០នាក់ រងនូវផលប៉ះពាល់ដោយសារ តែមានភ្លៀងធ្លាក់ចុះ និងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋប្រមាណជាង ១០០.០០០នាក់ត្រូវបានប្តូរទីតាំងទៅកាន់ទីមានសុវត្ថិភាពចំនួន ៣០៤កន្លែងនៅទូទាំងប្រទេស ។
នៅព្រឹកថ្ងៃទី២៩ ខែឧសភា មជ្ឈមណ្ឌលគ្រប់គ្រងឧតុនិយម បានព្រមានថា នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ លាយឡំនឹងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋដែលរស់នៅក្នុងតំបន់វាលទំនាប ដែលស្ថិតនៅភាគខាងត្បូង ប្រទេសស្រីលង្កាត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញ ដោយសារតែមានការគំរាមខ្លាំងពីលំហូរនៃទឹកទន្លេ ៕ ម៉ែវ សាធី