ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធថេរ៉ាយុឡើងច្រៀងទាំងខ្លួនឈឺ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ បានចេញមុខឡើងច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនានាទាំងខ្លួនឈឺ ព្រោះតែមិនចង់ឲ្យអ្នកផលិតកម្មវិធីអន់ចិត្ត និងដោយសារមានភាពទទួលខុសត្រូវលើការងារ។

បើទោះបីជាមានជំងឺ ប្រចាំកាយដែលកំពុងតែធ្វើទុក្ខក្តី ក៏តារាចម្រៀង សុគន្ធ ថេរ៉ាយុបានបង្ហាញវត្តមានក្នុងកម្មវិធីប្រគុំតន្រ្តីសប្បុរសធម៌ដោយមិនទទួលបានប្រាក់កម្រៃមួយកាលពីយប់មិញនៅពហុកីឡដ្ឋានជាតិ អូឡាំពិច។ នៅពីក្រោយស្នាម ញញឹម សុគន្ធថែរ៉ាយុកំពុងមានជំងឺប្រចាំកាយដែលតាមយាយីគឺជំងឺក្រពះ និងជំងឺមួយចំនួនទៀតដែលគួរឲ្យព្រួយបារម្ភ។

ថ្លែងបញ្ជាក់ទាំងទឹកមុខស្លេកស្លាំង តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះលើកឡើងថា ដោយសារលោកសន្យាជាមួយអ្នកផលិតកម្មវិធីនិងអ្នកគាំទ្រទើបលោកត្រូវតែប្រឹងប្រែងឡើងឆាក។ លោកថា រាល់ការងារ គឺលោកមានទំនួលខុសត្រូវ ហើយបើទោះបីវាគឺជាកម្មវិធីស្ម័គ្រចិត្តមិនបានប្រាក់ចំណូលក្តី ក៏លោកពេញចិត្តនឹងប្រឹងប្រែងក្នុងការចូលរួម។ លោកថា វាជាកម្មវិធីសប្បុរសធម៌ ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ទើបលោកមិនអាចខានបាន។ លោកថា កម្លាំងចិត្តពីអ្នកចូលរួមគាំទ្របានធ្វើឲ្យការឈឺចាប់ព្រោះជំងឺមានការថយចុះ។

តារាប្រចាំផលិតកម្មថោន រូបនេះលើកឡើងថា ក្រោយពីទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យប្រទេសថៃរួចមកលទ្ធផលចេញពីគ្រូពេទ្យថៃថាក្រៅពីមេរោគក្នុងក្រពះលោកនៅមានជំងឺច្រើនមុខទៀតកំពុងតែតាមគំរាមកំហែងមានមេរោគក្នុងក្រពះគ្រួសក្នុងតម្រង់នោមក្រលៀនខាងស្ដាំមានគីសនិងដុះសាច់ក្នុងប្រមាត់ផងដែរ។

លោកថា ជំងឺទាំងនេះត្រូវបានក្រុមវេជ្ជបណ្ឌិតតម្រូវឲ្យធ្វើការតាមដានជាប្រចាំ។ លោកថា ទោះមានជំងឺ ប៉ុន្តែការងារសិល្បៈលោកនៅតែបន្ត ប៉ុន្តែលោកត្រូវឆ្លៀតពេលចេញទៅពិនិត្យសុខភាពជាប្រចាំផងដែរ។ អ្វីដែលក្រុមវេជ្ជបណ្ឌិតតម្រូវឲ្យលោកទទួលទានអាហារឲ្យបានទៀតទាត់និងត្រួតពិនិត្យតាមដាននៅមន្ទីរពេទ្យរៀងរាល់មួយខែម្តង ហើយលោករំពឹងថាស្ថានភាពជំងឺរបស់លោកនឹងប្រសើរជាងមុន៕ វឌ្ឍនា


ចែករំលែក៖