ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ទួរគីមិនពេញចិត្តចំពោះការផ្តល់អាវុធឲ្យក្រុមជនជាតិ Kurd របស់អាមេរិក

ចែករំលែក៖

ក្រសួងការពារជាតិអាមេរិក បានចាប់ផ្តើមផ្តល់អាវុធឲ្យទៅក្រុមកម្លាំងឧទ្ទាម Kurd ក្នុងប្រទេសស៊ីរីដើម្បីធ្វើការប្រយុទ្ធ ប្រឆាំងទៅនឹងក្រុមIS បើទោះបីទួរគីគឺ ជាភាគី ជម្លោះធំជាមួយនឹងក្រុមឧទ្ទាម Kurd ក្តី។ដំណើរការផ្តល់សព្វាវុធ ទៅឲ្យក្រុមKurdនឹងត្រូវចាប់ផ្តើមធ្វើឡើង រយៈ ពេល២៤ម៉ោងប៉ុណ្ណោះ ក្រោយការប្រកាស ថាគឺជា ការអនុវត្តតាមសេចក្តីសម្រេចចិត្ត របស់លោកដូណាល់ត្រាំ ដែលបានធ្វើឡើង តាំងតែពីដើមខែមក។

ទួរគីធ្លាប់បង្ហាញជំហររបស់ខ្លួនច្បាស់លាស់ ហើយថាប្រសិនបើអាមេរិកធ្វើការ ផ្គត់ផ្គង់អាវុធទៅឲ្យក្រុមKurdនៅក្នុងប្រទេសសុីរី ដែលជាផ្នែកមួយនៃគណបក្សកម្មករ Kurd នៅក្នុងប្រទេសទួរគីដែលជារឿយៗ មានបំណងចង់ធ្វើការផ្តាច់រដ្ឋចេញពីទួរគី តាំងពីយូរណាស់មកហើយនោះ ប្រទេសទួរគីនឹងបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើអង្គការរដ្ឋអ៊ិស្លាមនៅក្នុងទឹកដីស៊ីរី។ ទីក្រុងអង់ការ៉ាបានលើកយកហេតុផលទៅពន្យល់ថា គឺដើម្បីឆ្លើយតបនឹងការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់របស់ពួកជីហាតដចូលក្នុងទឹកដីខ្លួន។ ទង្វើរបស់ទួរគីរបៀបនេះបានទទួលការសាទរពីបស្ចិម ប្រទេស។ តែអ្វីដែលបស្ចិមប្រទេសមិនគាំទ្រទួរគីនោះ គឺការដែលតួកគីបានបង្វែរផ្ទាំងស៊ីបទៅវាយប្រហារលើកម្លាំង (Kurd)គួដឌីស្ថានស៊ីរីទៅវិញ។

វាពិតជារឿងប្រសើរណាស់ដែលទួរគីបានសម្រេចចិត្តបើកយុទ្ធនាការវាយ ​ ប្រហារយ៉ាងចាស់ដៃទៅលើពួកជីហាដ អង្គការរដ្ឋអ៊ិស្លាមនៅក្នុងទឹកដីស៊ីរី និងប្តេជ្ញាបោសសម្អាតពួកជ្រុលនិយមមួយនេះ ឲ្យអស់ពីព្រំដែនខ្លួនដែលជាប់នឹងប្រទេសស៊ីរី។ ជារឿងប្រសើរ ព្រោះទង្វើ និងការ ប្តេជ្ញាចិត្តរបស់ទីក្រុងអង់ការ៉ារបៀបនេះក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិដែរ។ អស់រយៈពេលជាយូរមកហើយដែលសហគមន៍អន្តរជាតិចង់ឲ្យទួរគីក្នុងនាមជាសមាជិកម្នាក់របស់អង្គការអូតង់លូកដៃជ្រៅបន្ថែមទៀតជាមួយបស្ចិមប្រទេសនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ពិសេសអង្គការរដ្ឋអ៊ិស្លាម។

អ៊ីចឹងហើយបានជានៅប៉ុន្មានថ្ងៃក្រោយការបើកប្រតិបត្តិការវាយប្រហាររបស់កម្លាំងទួរគី សហគមន៍អន្តរជាតិបានបញ្ចេញប្រតិកម្មសាទរទួរគីពេញមាត់។ ក្នុងចំណោម​អ្នកបញ្ចេញប្រតិកម្មសាទរ ក៏មានប្រទេសបារាំងតាមរយៈលោកប្រមុខការទូតហ្សង់ម៉ាក អេរ៉ូដែលបានថ្លែងច្បាស់ៗថា វាជា ដំណឹងល្អមួយដែលទួរគីបានបើកការវាយប្រហារលើពួកជីហាដអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរី និងថា អ្វីដែលទួរគីកំពុងធ្វើនេះពិតជារឿងស្របច្បាប់ដែលទួរគីត្រូវធានាសន្តិសុខ និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែនរបស់ខ្លួន។

ក៏ប៉ុន្តែពេលនេះ សហគមន៍អន្តរជាតិដែលមានបារាំងដែរនោះបែរជាបានខកចិត្តខ្លាំងនឹងទួរគីទៅវិញ។ ខកចិត្តនៅត្រង់ថា ទួរគីបែរជាបាន និងកំពុងប្តូរបន្តិចម្តងៗ ឬ​មួយក៏ថា បានបន្ថែមផ្ទាំងស៊ីបថ្មីនៅក្នុងការវាយប្រហាររបស់ខ្លួនក្នុងទឹកដីស៊ីរី។ ផ្ទាំង ស៊ីបថ្មីនោះ គឺការបើកសមរភូមិតទល់ផ្ទាល់ជាមួយនឹងកម្លាំងគួដឌីស្ថានក្នុងទឹកដីស៊ីរី។ ពីសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានថ្លែងជាសាធារណៈបង្កប់ដោយក្តីបារម្ភថា ការប្រឈមមុខដាក់គ្នារវាងកម្លាំងទ័ពទួរគី នឹងកម្លាំងគួដឌីស្ថានស៊ីរីជារឿងមិនអាច ទទួលយកបាន ព្រមទាំងអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់។ តែទួរគីបានឆ្លើយបកវិញថា ពួកគួដឌីស្ថានស៊ីរីក៏មានចំណែកទទួលខុសត្រូវនៅក្នុងការបាញ់គ្រាប់កាំភ្លើងត្បាល់ពីទឹកដីស៊ីរី ចូលទឹកដីទួរគីដែរ។

បើគេពិនិត្យមើលមួយភ្លែតទៅឃើញ ថា អ្វីដែលទួរគីកំពុងធ្វើនេះជារឿងស្រប​ច្បាប់ក្នុងគោលដៅការពារខ្លួន និងក៏ជាការរួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងភេរវកម្មដែរ។ តែបើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចនោះឃើញថា ផ្ទាំងស៊ីបពិតរបស់ទួរគីនៅក្នុង ទឹកដីស៊ីរី គឺកម្លាំងប្រដាប់អាវុធគួដឌីស្ថានឯណោះទេ។ ក្រោមភ្នែក ច្រមុះរបស់ទីក្រុង អង់ការ៉ា ពួកគួដឌីស្ថានស៊ីរីនេះជាសម្ពន្ធមិត្ត និងជាដៃជើងរបស់គណបក្សពលករគួដឌីស្ថានហៅកាត់ថា PKK នៅក្នុងទឹកទួរគី។ គោលដៅរបស់ទួរគី គឺធ្វើយ៉ាងណារារាំង ទប់ស្កាត់កុំឲ្យគួដឌីស្ថានស៊ីរីអាចបង្កើត ​ តំបន់ស្វយ័តបានក្នុងទឹកដីស៊ីរីក្បែរព្រំដែនរបស់ខ្លួន។

សូមជម្រាបជូនថា គណបក្សពលករ​គួដឌីស្ថាន PKK ដែលមានមូលដ្ឋានជាប់នឹងព្រំដែនស៊ីរី គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងរដ្ឋាភិបាលទួរគី និងដែលសហរដ្ឋ អាមេរិក រួមទាំងសហភាពអឺរ៉ុបផងបាន​ចាត់ទុក PKK ជាអង្គការភេរវកម្ម។ ជា រឿយៗ និងដើម្បីត តាំងនឹងរដ្ឋាភិបាលទួរគី កម្លាំងប្រដាប់អាវុធ PKK មិនញញើតនឹងវាយឆ្មក់តាមរយៈអំពើភេរវកម្មបង្ហូរឈាមទេ។ ទីក្រុងអង់ការ៉ាពិតជាយល់មិនច្រឡំទេថា ការទុកបណ្តោយឲ្យកម្លាំងគួដឌីស្ថាននៅស៊ីរីឡើងចាង និងអាចបង្កើតតំបន់ ស្វយ័តមួយក្បែរព្រំដែនរបស់ខ្លួន វាមិន ខុសអ្វីពីការជួយពង្រឹងកម្លាំងពួក PKK ទេ។ ទួរគីបានយកគួដឌីស្ថាននៅទួរគី និងគួដឌីស្ថាននៅស៊ីរីដាក់ក្នុងកន្រ្តកតែមួយ។

ប៉ុន្តែបញ្ហានៅត្រង់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនបានយល់ឃើញដូចទួរគីឯណា។ អាមេរិក និងអឺរ៉ុបបានចាត់ទុកគួដឌីស្ថានទួរគី PKK ជាអង្គការភេរវកម្ម តែបានចេញមុខគាំទ្រពេញទំហឹងលើកម្លាំងគួដឌីស្ថាននៅស៊ីរី។ ទីក្រុងវ៉ាស៊ីនតោន មិនញញើតនឹងសរសើរយុទ្ធជនគួដឌីស្ថានស៊ីរីពេញមាត់ថា ជាយុទ្ធជនគំរូដែលបាន តស៊ូប្រយុទ្ធតទល់នឹងពួកជីហាដអង្គការ​រដ្ឋអ៊ិស្លាមនៅស៊ីរីប្រកបដោយប្រសិទ្ធភាព។ ក្រៅពីអាមេរិក រុស្ស៊ីក៏បានចេញមុខគាំទ្រកម្លាំងគួកឌីស្ថាននៅស៊ីរីដែរ។ មក ដល់ត្រង់ចំណុចនេះនាំឲ្យមានសំណួរចោទឡើងថា រវាងទួរគីដែលជាសម្ពន្ធមិត្តក្នុង អង្គការអូតង់ដូចគ្នា និងកម្លាំងគួដឌីស្ថាននៅស៊ីរីដែលកំពុងប្រយុទ្ធត ទល់នឹងអង្គ​ការរដ្ឋអ៊ិស្លាម តើអាមេរិកត្រូវមានជំហរ​បែបណា?

ពិតជារឿងមួយពិបាកថ្លឹងថ្លែង ព្រោះមិនអាចទាត់ចោលភាគីណាមួយបានទេ។ តែ​ដើម្បីអាចទទួលយកបានទាំងអស់គ្នា ទីក្រុងវ៉ាស៊ីនតោនបានជ្រើសរើសផ្លូវកណ្តាលដោយបញ្ជាក់ច្បាស់ៗថា អាមេរិកនៅបន្តគាំទ្រកម្លាំងគួដឌីស្ថានស៊ីរីនៅក្នុងយុទ្ធនាការប្រឆាំងអង្គការរដ្ឋអ៊ិស្លាម និងបានអំពាវ នាវឲ្យភាគីតួកគី និងកម្លាំងគួដឌីស្ថានស៊ីរីបញ្ឈប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់។ អាមេរិកបានលើកយកហេតុផលទៅ​ពន្យល់ ថា បញ្ហានៅស៊ីរីជារឿងស្មុគស្មាញ និងកំពុងអូសបន្លាយដែលគេមិនគួរបន្ថែមបញ្ហាថ្មីទៀតឡើយ។ សម្រាប់ទីក្រុងវ៉ាស៊ីនតោន អាទិភាពទី១ ជាបន្ទាន់នៅចំពោះមុខ គឺ កម្ទេចពួកជីហាតអដង្គការរដ្ឋអ៊ិស្លាមឲ្យ ដល់ឫសគល់៕ ម៉ែវ សាធី


ចែករំលែក៖