ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះ​ត្រូវ​ពិការ​អចិន្ត្រៃយ៍​ ខណៈ​បុរស​ជនជាតិ​ចិន​ត្រូវ​លោក​ស្រី​ព្រះ​រាជ​អាជ្ញា​រង​ ស៊ូ​ សុជាតា​ ដោះលែង

ចែករំលែក៖

ខេត្តកណ្តាល​៖ ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ អះអាងថា​ ពេល​នេះ​ស្ថានភាព​ជនរងគ្រោះ​ត្រូវ​ពិការ​អចិន្ដ្រៃយ៍​ហើយ​ ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ដោយ​ស្មា​ខាង​ស្តាំ​ស្ទើរ​ដាច់​ ហើយ​ត្រឹម​ចង្កេះ​ចុះ​ក្រោម​ត្រូវ​ពិការ​ទាំង​ស្រុង​ សូម្បី​តែ​ប្រដាល់​ភេទ​ក៏​លែង​ដំណើរការ​ដែរ​ ។

ការ​លើកឡើង​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ក្រោយ​ពី​ពួកគាត់​សុខចិត្ត​ទទួល​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០០០ដុល្លារ​អាមេរិក​ ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​ ។​ ពួកគាត់​ ថា​ ត្រូវ​តែ​ទ្រាំ​យក​សំណង​នេះ​ ព្រោះ​ពួកគាត់​ខ្វះខាត​ខ្លាំង​ណាស់​ តែ​ការ​សម្រេច​យ៉ាងណា​នោះ​ ជា​សមត្ថកិច្ច​របស់​តុលាការ​ ។

លោក​ ទិន​ សុចិត្រា​ អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មិថុនា​ នេះ​ បញ្ជាក់​ថា​ ពិត​ជា​មាន​ការ​ដោះលែង​បុរស​ជនជាតិ​ចិនឈ្មោះ​ XIA​ JIN អាយុ៣១ឆ្នាំ​ ស្នាក់នៅក្នុងរោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ប្រាកដ​មែន​ ។

មូលហេតុ​នៃ​ការ​ដោះលែង​នេះ​ ត្រូវបាន​លោក​ សុចិត្រា​ អះអាងថា​ មកពី​ជនរងគ្រោះ​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​ ,​ ជនសង្ស័យ​មាន​អ្នក​ធានា​ត្រឹម​ត្រូវ​ និង​ ចំណុច​សំខាន់​ បើ​ទោះ​ជា​មាន​ការ​ដោះលែង​ពិត​មែន​ តែ​នីតិវិធី​នៅ​បន្ត​ទៅ​មុខ​ដដែល​ ។

អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ ការ​ដក​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​មិន​អាច​បញ្ចប់​បណ្ដឹង​អាជ្ញា​បាន​ទេ​ ។

ជា​ការ​កត់សម្គាល់​ កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ នគរបាល​ស្រុក​កៀនស្វាយ​ បាន​បញ្ជូន​ជនសង្ស័យ​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដោយពុំ​​មាន​ការ​ដាក់​ខ្នោះ​ដៃ​ដូច​ជនសង្ស័យ​ដទៃ​ទៀត​ដែល​បញ្ជូន​មក​តុលាការ​ទេ​ ។

គេ​សង្កេត​ឃើញ​ថា​ បុរស​ជនជាតិ​ចិន​និង​ខ្មែរ​ប្រមាណ​៦នាក់​ នៅ​អម​ជនសង្ស័យ​ជានិច្ច​ ។​ រហូត​ដល់​ម៉ោង​ជិត​៥ល្ងាច​ គេ​ឃើញ​មន្ត្រី​តុលាការ​ប្រាប់​ថា​ ជនសង្ស័យ​ត្រូវ​ផ្ញើ​នៅ​កន្លែង​ប៉ូលិស​មួយ​យប់​សិន​ ។​ តែ​ក្រោយ​មក​ ចេះ​តែ​អូស​បន្លាយ​ រហូត​មាន​ការ​ទទួល​យក​សំណង​ រួច​បំពេញ​បែបបទ​ដោះលែង​ភ្លាមៗ​តែ​ម្តង​ នៅ​វេលា​ម៉ោង​ជិត​៧យប់​ ។

គួរ​រំលឹក​ថា​ ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦និង​១៧​ ភូមិ​ទូល​ក្របៅ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ។

នគរបាល​សន្និដ្ឋាន​ថា​ ករណីនេះបណ្ដាលមកពីជនរងគ្រោះបើកម៉ូតូឆ្លងផ្លូវបញ្ច្រាស​ទិស ពីឆ្វេងមកស្ដាំខ្វះកា​រ​ប្រុង​ប្រយ័ត្ន។​ ចំណែករថយន្តធ្វេសប្រហែសមិនបានមើលស្ថានភាពផ្លូវខាងមុខគ្រប់ជ្រុងជ្រោយ​ ៕​ ចេស្តា


ចែករំលែក៖