ភ្នំពេញ៖ រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ រំកិលមួយកង់ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនមកដល់ឲ្យម្ចាស់រថយន្តបង្កកិលរបាំងថ្មដាក់កន្លែងដើមវិញ រួចឲ្យស្ទួចទៅជួសជុលដោយខ្លួនឯងមិនបានឃាត់រថយន្តបង្កឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧១ កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីថា រថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2S.4473 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវណ្ដាលឲ្យវេចចេញពីកន្លែងដើមអស់មួយកង់ រថយន្តបង្កដាច់រ៉ូទីលកង់មុខខាងឆ្វេងទៅលែងរួច ភ្លាមៗ ម្ចាស់រថយន្តបង្កបានហៅរថយន្តស្ទួចមកស្ទួច បំណងយកចេញពីកន្លែងកើតហេតុគេចពីការទទួលខុសត្រូវ តែត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២មកទាន់ ឲ្យដាក់ចុះវិញ លុះបន្តិចក្រោយមក សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនមកដល់ឲ្យម្ចាស់រថយន្តកិលចូលកន្លែងដើមវិញ ហើយឲ្យយករថយន្តទៅជួសជុលចុះ។
គួរបញ្ជាក់ផងដែរថា នៅគ្រប់បណ្ដាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ គេតែងតែឃើញករណីបង្កផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋមិនថា ម៉ូតូឬរថយន្ត ត្រូវតែយកទៅផ្នែកចរាចរណ៍ក្រុង តែករណីនេះ បែរជាមិនឃាត់ទៅវិញ៕ ភារ៉ា ដង្កោ