ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរកើនឡើងរយៈពេល៥ខែដើមឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរដែលជាស្ថាប័នគ្រប់គ្រងចំណូលពីការ​លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររបស់រដ្ឋបានឲ្យដឹងតាម​សេចក្តីប្រកាសមួយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ថា ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានការកើនឡើងនារយៈពេល៥ខែដើមឆ្នាំ២០១៧ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ ។

របាយការណ៍របស់គ្រឹះស្ថានអង្គរបានលើកឡើងថា ចាប់គិតពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន១.០៩២.៣៧៧សន្លឹក កើនឡើង១២.៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ចំណែក ចំណូលដែលបានមកពីការលក់ប័ណ្ណមាន ចំនួន៥៤,៩១៣,៦០២ដុល្លារកើនឡើង ៦៤.១៣ភាគរយ។

ជាមួយគ្នាសេចក្ដីប្រកាសនោះក៏បាន ឲ្យដឹងផងដែរថា ដោយឡែកសម្រាប់ខែ ឧសភាកន្លងទៅនេះទទួលបានចំណូល ចំនួន៦,៦៦១,០១២ដុល្លារកើនឡើង ៩១.៧៥ភាគរយ ដែលមានចំនួនភ្ញៀវ ទិញបណ្ណសរុប១៤៧,០១១សន្លឹកកើន ឡើង១៧.៤២ភាគរយ។

សូមបញ្ជាក់ថា តម្លៃបណ្ណចូលទស្សនា តំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ ក្នុងនោះមាន ១-ប្រភេទបណ្ណចូលទស្សនា ១ថ្ងៃ មានតម្លៃ៣៧ដុល្លារ។ ២-ប្រភេទ បណ្ណចូលទស្សនា៣ថ្ងៃមានតម្លៃ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។ ៣-ប្រភេទ បណ្ណចូលទស្សនា៧ថ្ងៃមានតម្លៃ៧២ដុល្លារ និងមានសុពលភាព១ខែ៕ ហេង នរិន្ទ្រ


ចែករំលែក៖