ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានអះអាងថា ក្នុងរយៈពេល១១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ គ.ជ.ប. បានទទួលពាក្យបណ្តឹងចំនួន៦០ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៧ថា ពាក្យបណ្តឹងដែល គ.ជ.ប. បានទទួលនោះ ភាគច្រើនពាក់ព័ន្ធ នឹងការប៉ះពារទៅនឹងពាក្យសម្តីគ្នារវាង សកម្មជនគណបក្សប្រជាជនកម្ពុជានឹង គណបក្សសង្រ្គោះជាតិនៅពេលហែក្បួន ឃោសនាបោះឆ្នោត។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ពាក្យបណ្តឹងទាំងអស់នេះត្រូវបានគណៈ កម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ និងរាជធានី-ខេត្តដោះស្រាយបានមួយ ចំនួនធំហើយ ដោយមិនទាន់មានបណ្តឹង ណាមួយចូលមកដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដោះស្រាយនោះទេ។
លោក ហង្ស ពុទ្ធា បានបន្តថា ជារួម សភាពការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ចាប់ពីថ្ងៃទី២០ រហូតមកដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ មានភាពរលូន មិនមានកើតរឿងរ៉ាវអ្វីធំដុំគួរឱ្យកត់សម្គាល់ នោះទេ។
ទន្ទឹមនេះលោក ហង្ស ពុទ្ធា អំពាវនាវឱ្យ គ្រប់គណបក្សនយោបាយទាំងអស់ ដែល បានចូលរួមនៅក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ ២០១៧នេះ សូមរក្សាឱ្យបាននូវក្រម សីលធម៌ត្រឹមត្រូវជៀសវាងការប្រើប្រាស់ អំពើហិង្សា និងគោរពឱ្យបាននូវបទបញ្ញត្តិ ឬច្បាប់របស់គ.ជ.ប. ដែលបានដាក់ចេញ ដើម្បីធានាឱ្យការហែក្បួនឃោសនា និង បោះឆ្នោតប្រព្រឹត្តទៅដោយរលូន ដែលធ្វើ ឱ្យគ្រប់ភាគីគណបក្សនយោបាយទាំង អស់អាចទទួលយកបាន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១៧ ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិ ទី៤ មានរយៈពេល១៣ថ្ងៃហើយ ដែលនៅ សល់តែ១ថ្ងៃទៀតប៉ុណ្ណោះការឃោសនា របស់គណបក្សនយោបាយនឹងត្រូវបញ្ចប់ នៅថ្ងៃទី២ ខែមិថុនា មុនមួយថ្ងៃនៃថ្ងៃ បោះឆ្នោត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានេះដែរប្រទេសម្ចាស់ជំនួយ៣ ដែលផ្តល់ដល់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះបានអះអាង ស្រដៀងគ្នាថា ការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយបានប្រព្រឹត្ត ទៅយ៉ាងល្អប្រសើរ ខណៈដែលគ.ជ.ប. បានទទួលបណ្តឹងជាង៦០ពីគណបក្ស នយោបាយ។
ក្នុងជំនួបពិភាក្សាបិទទ្វាររយៈពេលជាង ៣ម៉ោងរវាងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាមួយនឹងមន្ត្រីស្ថានទូតប្រទេសផ្តល់ជំនួយប្រចាំនៅកម្ពុជាមានឯកអគ្គរដ្ឋទូតជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្តីការ គ.ជ.ប. ឯក អគ្គរដ្ឋទូតទាំងអស់បានសរសើរដល់ការ រៀបចំរបស់គ.ជ.ប. និងភាពចាស់ទុំរបស់ គណបក្សនយោបាយ។
ថ្លែងក្រោយជំនួបពិភាក្សានេះ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប. លោក ហង្ស ពុទ្ធា បានឲ្យដឹងថា មានបញ្ហាជាច្រើនដែល មន្ត្រីការទូតទាំង៣បានចោទសួរមកគ.ជ.ប. ប៉ុន្តែបញ្ហាសំខាន់ផ្តោតលើការត្រៀមកម្លាំង ការពារជាច្រើនក្នុងពេលបោះឆ្នោត ដែល អាចបង្កឲ្យមានការភ័យខ្លាចពីសំណាក់ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ តែយ៉ាង ណាក៏ដោយអ្នកនាំពាក្យគ.ជ.ប.បានអះ អាងថា ការត្រៀមកម្លាំងនេះ គឺមិនបង្កឲ្យ មានការភ័យខ្លាចឡើយហើយមន្ត្រីការទូត ទាំងនោះបានសរសើរច្រើនដល់ការរៀបចំ របស់គ.ជ.ប.ដែលប្រព្រឹត្តទៅយ៉ាងរលូន។
ជាមួយគ្នានេះអ្នកនាំពាក្យបានស្នើដល់ គណបក្សនយោបាយនិងអង្គការសង្គម ស៊ីវិលកុំមានការបញ្ចេញនូវលទ្ធផលបោះ ឆ្នោតក្រៅផ្លូវការដែលអាចបង្កឲ្យមានការ ចលាចលដល់សាធារណមតិជាតិ និងអន្តរ ជាតិជាដើម មានតែគ.ជ.ប.ទេដែលជាអ្នក មានសិទ្ធិបញ្ចេញលទ្ធផលក្រៅផ្លូវការ និង ផ្លូវការ។
យ៉ាងណាក៏ដោយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានថ្លែងរំពឹងថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះនឹង ប្រព្រឹត្តទៅប្រកបដោយតម្លាភាពត្រឹមត្រូវ និងមានយុត្តិធម៌ដោយសារការរៀបចំរបស់ គ.ជ.ប.មានសុក្រឹតភាព ជាពិសេសការ ឃោសនារកសំឡេងឆ្នោតរបស់គណបក្ស នយោបាយប្រព្រឹត្តបានយ៉ាងល្អ៕ ហេង នរិន្ទ្រ