ព័ត៌មានទាន់ហេតុការណ៍៖

កុមារនៅអង្គការ CCFជាង៧០០នាក់ទទួលសម្ភារសិក្សា អាហារ និងការចូលទស្សនាភាពយន្ត ពីរោងភាពយន្ត លេជេន ( Legend )

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានកុមារប្រមាណ៧២០នាក់ មកពីអង្គការមូនិធិកុមារកម្ពុជា ហៅកាត់ថា CCFទទួលបានសម្ភារៈសិក្សា អាហារ និង ការកម្សាន្ត មួយចំនួនពីសប្បុរសជននៅថ្ងៃទិវាកុមារអន្តរជាតិ១ មិថុនា ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ក្រោមការផ្តួចផ្តើមពីរោងភាពយន្តលេជេន។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ក៏ដូចជាការចូលរួមលើកទឹកចិត្ត និងលើកស្ទួយសិទ្ធិកុមារផងដែរ។ នេះមិនមែនជាព្រឹត្តិការណ៍លើកដំបូងទេ ដែល Legend បានបង្កើតឡើង ហើយនេះគឺជាផ្នែកមួយនៃការជួយត្រឡប់ទៅសង្គមវិញ អស់រយៈពេល៦ឆ្នាំមកហើយ។ នេះគឺជាកម្មវិធីថ្មី ដែលធ្វើឡើងដើម្បីចូលរួមលើកទឹកចិត្តដល់ កុមារ ដែលកំពុងប្រឈមនឹងភាពខ្វះខាត បាត់បង់កម្លាំងចិត្ត និងរស់នៅជាមួយនឹងជំងឺប្រចាំកាយ។

មានសប្បុរសជន និងក្រុមហ៊ុនមួយចំនួនបានរួមគ្នាផ្តល់ជូនកុមារទាំងអស់នូវសម្ភារៈសិក្សា អាហារ ការកម្សាន្តជាមួយឧបករណ៍នានា ការសម្តែងសមត្ថភាពសិល្បៈ ការលេងហ្គេមកម្សាន្តសម្រាប់កុមារ ការថតរូបជុំគ្នា ពិសេសគឺពួកគេមានឱកាសចូលរួមទស្សនាភាពយន្ត គំនូរជីវចល ដ៏ល្បីល្បាញគឺរឿង”Sing” នៅរោងភាពយន្តលេជេនផ្សារស្ទឹងមានជ័យថ្មីផងដែរ។

លោក ព្រំ បញ្ញាវ័ន្ត តំណាងរោងភាពយន្តលេជេន បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីជួយលើកទឹកចិត្ត ដល់កុមារៗ ។ លោកក៏ថ្លែងអំណរគុណចំពោះអង្គការ ដែលបើកឱកាសឲ្យក្រុមការងារបុគ្គលិក និងសប្បុរសជន បង្ហាញក្តីស្រលាញ់ចំពោះកុមារ ហើយលោកក៏ថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមសហការបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង។ លោករំពឹងដែរថា កម្មវិធីនេះ នឹងបន្តប្រព្រឹត្តិទៅនៅឆ្នាំបន្ទាប់ទៀតផងដែរ។

លោក Scott Neeson នាយកប្រតិបត្តិអង្គការCCFបានបញ្ជាក់ថា លោកពិតជាថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមលើកទឹកចិត្ត និងផ្តល់ការកម្សាន្តសម្រាប់កុមារនៅថ្ងៃនេះ ដែលបង្ហាញពីទឹកចិត្តអាណិតស្រលាញ់យកចិត្តទុកដាក់ចំពោះកុមារ។ លោកក៏ថ្លែងការកោតសរសើរចំពោះគ្រប់បុគ្គលិកនៅអង្គការCCFទាំងអស់ ដែលលះបង់កម្លាំងកាយចិត្តសម្រាប់កិច្ចការងារមើលថែ និងអប់រំកុមារអស់។

លោករំពឹងថា កុមារទាំងអស់នឹងបន្តទទួលបានភាពកក់ក្តៅ និងសិទ្ធិរបស់ពួកគេបន្តទៅទៀតផងដែរ៕ វឌ្ឍនា


ចែករំលែក៖