ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្ត្រីថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតថ្ងៃផ្តាច់ព្រ័ត្រនារាជធានីភ្នំពេញ ដែលតាមការប៉ាន់ប្រមាណមានអ្នកចូលរួមជាង២០ម៉ឺននាក់នោះបានប្រកាសជាសាធារណៈថា ការ បោះឆ្នោតឲ្យបេក្ខភាពឃុំ-សង្កាត់មកពី គណបក្សប្រជាជនកម្ពុជាគឺមិនមែនទទួលបានជោគជ័យតែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែវាក៏ជាជោគជ័យរបស់ជាតិយើងទាំងមូលតែម្ដង ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើក ឡើងអំពីសន្ដិភាពនៅទូទាំងប្រទេសដោយគ្មានការបែងចែកតំបន់រួមទាំងការអភិវឌ្ឍដែលនាំមកដោយគណបក្សប្រជាជន កម្ពុជាដោយសម្ដេចបានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រួមគ្នារក្សាសមិទ្ធផលដែលមានស្រាប់នេះ។ ការសម្រេចចិត្តខុសមួយថ្ងៃនាំឲ្យចង្រៃមួយជីវិត។

ក្នុងនោះសម្ដេចតេជោបានឧទាហរណ៍ ថា ការសម្រេចចិត្តខុសនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០ ដែលជារដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ បាននាំមកនូវ វិនាសកម្មដល់កម្ពុជាហើយការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្តសន្តិភាពនិងការអភិវឌ្ឍបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាគឺដើម្បីខ្លួនឯង ។

ប៉ុន្តែយ៉ាងណាក៏ដោយសម្ដេចក៏បានស្នើសុំការយល់យោគពីប្រជាពលរដ្ឋខ្មែរ ទូទៅចំពោះកំហុសឆ្គងបន្តិចបន្តួចរបស់ថ្នាក់ ដឹកនាំមូលដ្ឋាន ហើយកុំឱ្យខឹងគោវ៉ៃរទេះ។ សម្ដេចតេជោបានថ្លែងទទួលស្គាល់ថា គ្មាន នរណាល្អឥតខ្ចោះនោះទេ។ យើងមាន ចំណុចខ្វះខាតខ្លះដែរដោយសារតែមន្ត្រី មួយចំនួនមានឥរិយាបថមិនត្រឹមត្រូវហើយយើងកំពុងកែលម្អជាបន្តបន្ទាប់។ ក្នុងនោះ សម្ដេចបានសន្យាថា នៅពេលឈ្នះឆ្នោត បើមេឃុំ-ចៅសង្កាត់ណាបម្រើប្រជាពល រដ្ឋមិនបានល្អគណបក្សត្រូវតែហ៊ានអារ កាត់និងផ្លាស់ប្តូរចេញតែម្តង ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងនាមជាបក្សដឹកនាំ ប្រទេសបានធានាសន្តិភាព សេចក្តីសុខនិង ការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ។

ថ្លែងចំពោះមុខអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាជាង២០ម៉ឺននាក់សម្តេច តេជោបានបញ្ជាក់បន្ថែមថា សមាជិកគណ បក្សរាប់លាននាក់បានចេញមកគាំទ្របេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន។ ការឈ្នះឆ្នោតរបស់បេក្ខជន បេក្ខនារីដែល បានជ្រើសរើសដោយសន្និបាតគណបក្សប្រជាជនកម្ពុជាតាមមូលដ្ឋានមិនមែនជាជោគជ័យសម្រាប់តែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែជាជោគជ័យរួមរបស់បក្ស និងប្រជាជាតិយើងតែម្តង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណធម៌ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជន បានបង្ហាញឱ្យឃើញពីភាពចាស់ទុំយើង មិនបានបង្ហាញនូវអាកប្បកិរិយាទំនើង ឬ ជម្លោះណាមួយ នេះជាមោទនភាពរបស់ បក្សយើងទាំងមូល និងថ្នាក់ដឹកនាំ។

សម្តេចតេជោបានបន្តថា សន្តិភាព និង ការអភិវឌ្ឍដែលបានកើតឡើងលើទឹកដីដ៏ កម្សត់នេះបានមកពីការពលីរបស់គណ បក្សប្រជាជនកម្ពុជា ។

លោកស្រី ម៉ែន សំអន បិទឃោសនារកសំឡេង ឆ្នោតនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជន កម្ពុជាខេត្តមានការជួបជុំសមាជិកសមាជិកាគណបក្សដើម្បីឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលមានអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា រាប់ម៉ឺននាក់មកពីបណ្តាស្រុកក្រុងទាំង៨ដើម្បីចូលរួមក្បួនដង្ហែគណបក្ស ។

លោកស្រី ម៉ែន សំអន បានថ្លែងថា ពិតជាមានសេចក្តីរីករាយជាខ្លាំងពេលឃើញសមាជិករបស់បក្សនិងបងប្អូនប្រជាពល រដ្ឋបានមកចូលរួមគាំទ្រដង្ហែបក្សច្រើន ហួសពីការរំពឹងទុក ហើយក៏សូមបងប្អូនកូន ក្មួយទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការបញ្ជាយានជំនិះដង្ហែបក្សកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍និងត្រូវមានការយោគយល់គ្នាទៅវិញទៅមកធ្វើយ៉ាងណាគោរពទៅតាមច្បាប់ដែល គ.ជ.ប. ដែលបាន កំណត់ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃបញ្ចប់នៃការឃោសនារក សំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះនៅថ្ងៃទី៤ ខែមិថុនាខាងមុខ នេះជាថ្ងៃបោះឆ្នោតសូមសមាជិកបក្សទាំងអស់ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធព្រមទាំងចេះចលនាបងប្អូនកូនក្មួយឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាដើម្បីមានការអភិវឌ្ឍមូលដ្ឋានរីកចម្រើនជាបន្តបន្ទាប់ទៀត។

ដោយឡែកក្បួនឃោសនាគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមឃោសនាមាន រយៈពេលមួយថ្ងៃពេញតែម្តងក្នុងនោះ គណបក្សនយោបាយដទៃទៀតពុំមានធ្វើសកម្មភាពអ្វីនោះទេព្រោះបានឃោសនា រកសំឡេងឆ្នោតនៅថ្ងៃទី១ ខែមិថុនារួច ហើយ ។

យោងតាមរបាយការណ៍គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតនៅខេត្តស្វាយ រៀងបានឲ្យដឹងថា មានអ្នកចុះឈ្មោះបោះឆ្នោតនៅទូទាំងខេត្តស្វាយរៀងមានចំនួន៣៩៩.២៣៩នាក់ មានឈ្មោះបោះឆ្នោត និងបានមកចុះឈ្មោះបោះឆ្នោតបានចំនួន៣២៨.៦១២នាក់ ស្មើនឹង៨៣,៣១ភាគ រយ និងមានការិយាល័យបោះឆ្នោត៩២១កន្លែង ៕

លោក ហ៊ុន ម៉ាណែត ដឹកនាំសមាជិកគណ បក្សប្រជាជនជាង៦ពាន់នាក់បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅស្រុកមេមត់

ខេត្តត្បូងឃ្មុំ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការ កណ្ដាលចុះជួយខេត្តត្បូងឃ្មុំបានដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាង៦ពាន់នាក់បើកក្បួនដង្ហែឃោសនា រកសំឡេងឆ្នោតយ៉ាងផុសផុលនៅថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។

មុននឹងចាប់ផ្ដើមក្បួនដង្ហែលោកបានថ្លែងទៅសមាជិកនិងអ្នកគាំទ្រទាំងអស់ថា គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជារៀងរាល់ឆ្នាំ បានធ្វើឲ្យម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស ។

លោក ហ៊ុន ម៉ាណែត បានបន្តថា គណបក្សជាអ្នកស្វែងរកការងារជូនយុវជនតាមរយៈការបង្កើតរោងចក្រនៅក្នុងស្រុកនិងសម្របសម្រួលជួយយុវជនឲ្យទទួលបានការងារនៅក្រៅប្រទេសបង្កើនប្រាក់បៀវត្ស ជូនមន្រ្តីរាជការគ្រប់កម្រិតបានជាប្រចាំ បើកទូលាយការប្រតិបត្តិជំនឿគ្រប់សាសនា និងបានសម្រេចធ្វើសមាហរណកម្មកម្ពុជាពេញលេញនៅក្នុងសហគមន៍អន្តរជាតិ បានលើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ជាមួយ ប្រទេសដទៃនៅលើឆាកអន្តរជាតិ។

ខណៈភាពសប្បាយរីករាយនិងសំឡេងខ្ញៀវខ្ញាដែលបង្ហាញពីភាពសាមគ្គីដ៏មុតមាំ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង អ្នកគាំទ្ររបស់គណបក្សប្រជាជនកំពុង បន្លឺឡើងនៅស្រុកមេមត់នោះក្បូនដង្ហែ របស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានី ភ្នំពេញដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ ចេញយុទ្ធនាការឃោសនាផងដែរ ៕

លោក ងួន ញ៉ិល ដឹកនាំសមាជិកជាង១០ម៉ឺន នាក់នៅខេត្តកំពង់ធំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ

ខេត្តកំពង់ធំ ៖ នៅថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជន កម្ពុជាខេត្តកំពង់ធំដឹកនាំដោយលោក ងួន ញ៉ិល សមាជិគគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រជាង១០ម៉ឺន នាក់បើកក្បួនដង្ហែឃោសនារកសំឡេងឆ្នោតនៅទូទាំងខេត្តយ៉ាងផុសផុលលើសថ្ងៃមុនៗទៅទៀត ។

ខណៈភាពសប្បាយរីករាយនិងសំឡេងខ្ញៀវខ្ញារដែលបង្ហាញពីភាពសាមគ្គីដ៏មុតមាំរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង អ្នកគាំទ្ររបស់គណបក្សប្រជាជនកំពុង បន្លឺឡើងនៅខេត្តកំពង់ធំនោះក្បូនដង្ហែ គណបក្សប្រជាជនកម្ពុជាក្នុងរាជធានី ភ្នំពេញដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដង្ហែនៅជុំវិញរាជធានីភ្នំពេញផងដែរ ។

សូមជម្រាបថា យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានរយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២ ខែ មិថុនា ពោលគឺនឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់។ ចំណែកនៅថ្ងៃទី៣ ខែមិថុនា គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទងនឹងកម្មវិធី នយោបាយរបស់គណបក្សនយោបាយ នានាត្រូវបានបញ្ឈប់ពេញរយៈពេល២៤ម៉ោង។ លុះដល់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕

លោក លឹម គានហោ ដឹកនាំសមាជិកសមា ជិកានិងអ្នកគាំទ្រជិត២ម៉ឺននាក់បើកយុទ្ធនាការក្នុងស្រុកពញាឮ

ខេត្តកណ្ដាល ៖ លោក លឹម គានហោ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកណ្ដាល និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកពញាឮនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដឹកនាំសមាជិកសមា ជិកានិងអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបិទបញ្ចប់ ។

ថ្លែងមុនដំណើរយុទ្ធនាការដែលជួបជុំគ្នានៅម្ដុំជើងភ្នំព្រះរាជទ្រព្យ លោក លឹម គានហោ បានឲ្យដឹងថា សូមបងប្អូនត្រូវជឿជាក់ទៅគណបក្សប្រជាជនកម្ពុជាដោយនិយាយតែការពិតមិនចេះនិយាយកុហកហើយប្រទេសអភិវឌ្ឍរីកចម្រើនរាល់ថ្ងៃគឺដោយសារគណបក្សប្រជាជនកម្ពុជា។ ហេតុនេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលមានជំហរយ៉ាងរឹងមាំ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាគឺ បង្កើនសន្តិភាព ប្រទេសជាតិមានការអភិ វឌ្ឍកាន់តែខ្លាំងឡើងៗហើយបងប្អូនមានសិទ្ធិសេរីភាពក្នុងការដើរហើរទៀតដោយ គ្មានការភ័យខ្លាច ដូច្នេះត្រូវជឿជាក់លើ គណបក្សប្រជាជនកម្ពុជា ។

លោកប្រធានក្រុមការងារបានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា «ទេវតា បាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តា កុំភ្លេចយកអត្តសញ្ញាណប័ណ្ណឬឯកសារ តម្រូវផ្សេងៗទៅជាមួយដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់ ។

សូមជម្រាបថា បន្ទាប់ពីស្ដាប់ការថ្លែងសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញរួចទើបលោក លឹម គានហោ បានដឹកនាំសមាជិកសមាជិកានិង អ្នកគាំទ្រហែក្បូនឃោសនាក្នុងមូលដ្ឋានស្រុកពញាឮ ៕

គណបក្សប្រជាជនកម្ពុជាលេចធ្លោក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ នៅខត្ត ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នាព្រឹកថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៧ ឃើញលេចធ្លោជាងគេ គឺគណប្រជាជនកម្ពុជាក្នុងចំណោមគណបក្សនយោបាយទាំង៧ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅខេត្ត ពោធិ៍សាត់ ។

មហាជនលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ នៅថ្ងៃ អាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ នេះគេសង្កេតឃើញក្បួនដង្ហែរបស់គណ បក្សប្រជាជនកម្ពុជាមានកម្លាំង និងសន្ទុះខ្លាំងក្លាជាងគណបក្សនយោបាយផ្សេងៗនៅក្នុងក្រុង-ខេត្តពោធិ៍សាត់។

មន្ត្រី គ.ជ.ប.បានឲ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅខេត្តពោធិ៍សាត់មាន គណបក្សប្រជាជនកម្ពុជា, គណបក្ស សង្គ្រោះជាតិ, គណបក្សហ៊្វុនសុិនបុិច, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ ។

មន្ត្រីដដែលបានបន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ទាំង៧គណបក្សក្រៅពីគណបក្សប្រជាជនកម្ពុជាគេសង្កេតឃើញគណបក្សសង្រ្គោះជាតិបានធ្វើសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោតគ្រប់ឃុំ-សង្កាត់ទាំង៤៩ ហើយពិធីនិងហែបិទយុទ្ធនាការឃោសនាបោះឆ្នោតកាល ពីព្រឹកថ្ងៃទី២ ខែមិថុនា នៅក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ឃើញវត្តមានលេចធ្លោជាងគេគឺគណបក្សប្រជាជនកម្ពុជា។ ចំណែក គណបក្សផ្សេងៗទៀតមិនឃើញវត្តមាននោះទេ ៕ ហេង សូរិយា


ចែករំលែក៖