ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រីក្ររស់នៅតាមដងទន្លេម្នាក់មានផ្ទៃពោះគ្រប់ខែ ពេលធ្វើដំណើរទៅសម្រាលកូននៅមណ្ឌលសុខភាពមិនទាន់ដល់ផង ក៏សម្រាលកូននៅលើកាណូតបង្កឲ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង ។
ប្រជាពលរដ្ឋរស់នៅខាងជើងផ្សារឆ្នុកទ្រូបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះសម្រាលកូនខាងលើនេះឈ្មោះ ឃួន ស្រីមុំ មានប្តី និងកូន៣នាក់។ ស្ត្រីរូបនេះមានជីវភាពក្រីក្រ ណាស់រស់នៅក្នុងផ្ទះបណ្តែតទឹកដោយ ប្រកបមុខរបរជាអ្នកនេសាទរស់នៅក្នុង ភូមិ-ឃុំខាងលើ ។
ប្រជាពលរដ្ឋបានបន្តថា ដោយសារគ្មានកាណូតសម្រាប់ធ្វើដំណើរដោយខ្លួនឯង ស្ត្រីរូបនេះបានពឹងអ្នកជិតខាងឲ្យជួយដឹកទៅសម្រាលកូននៅមណ្ឌលសុខភាព ប៉ុន្តែខណៈធ្វើដំណើរមកដល់កំពង់ផ្សារឆ្នុកទ្រូ ស្រាប់តែស្ត្រីនេះឈឺពោះឆ្លងទន្លេនៅលើកាណូតតែម្តង ហើយប្រជាពលរដ្ឋបាននាំ គ្នាជួយម្នាក់មួយដៃមួយជើងដោយអ្នកខ្លះ រត់ទៅហៅពេទ្យនៅមណ្ឌលសុខភាពមកជួយបង្កើតបានទាន់ពេលធ្វើឲ្យម្តាយនិង កូនមានសុវត្ថិភាពទាំង២នាក់ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ដោយមើលឃើញគ្រួសារស្ត្រីខាងលើមានជីវភាពក្រីក្រ គ្មានលទ្ធភាពចេញថ្លៃពេទ្យ និងថ្នាំចាក់ទើបពលរដ្ឋជួយជាថវិកាទិញរបស់របរ ប្រើប្រាស់ចាំបាច់ផ្សេងៗ។ ជាមួយគ្នានោះ លោក សាំង គឹមស៊ន បេក្ខភាពមេឃុំមកពីគណបក្សប្រជាជនកម្ពុជាបានធានាចេញថវិកាផ្ទាល់ខ្លួនចំនួន២៥ម៉ឺនរៀលរួមទាំងសម្ភារមួយចំនួនទៀតជួយដល់គ្រួសារស្ត្រីសម្រាលកូនលើកាណូតនេះផងដែរ ៕ សហការី