ខេត្តមណ្ឌលគិរី ៖ ផ្ទះប្រជាពលរដ្ឋ១០ខ្នងត្រូវបានវាយប្រហារ ដោយជំនន់ទឹក ភ្លៀងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចភូមិទួល ឃុំមេ ម៉ង់(ជាប់អូុតេ)ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។
អធិការនគរបាលស្រុកលោកសុិន ប៊ុន ធឿន បានឱ្យដឹងនៅព្រឹកថ្ងៃទី០១មិថុនានេះថា ករណីខាងលើជាករណីជំនន់ទឹក ភ្លៀង ដែលវាយប្រហារផ្ទះពលរដ្ឋ ក្រោយពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃ ទី៣១ ខែឧសភានោះ។
លោកថា ផ្ទះពលរដ្ឋគ្រាន់តែទឹកលិច ចូលផ្ទះតែប៉ុណ្ណោះ ព្រោះលំនៅឋានស្ថិត នៅក្បែរអូរ ងាយរងផលប៉ះពាល់។
កម្លាំងប៉ុស្តិ៍មូលដ្ឋានកំពុងជួយជម្លៀសក្មេងៗមនុស្សចាស់ ចេញពីទីតាំងនោះ និងរកកន្លែងមានសុវត្ថិភាព ខ្លាចកើតផលប៉ះពាល់ផ្សេងៗដែលមើលមិនឃើញ។
ប្រធានសាខាកាកបាទក្រហមខេត្ត មណ្ឌលគិរី លោកឡុង វិបុល មានប្រសាសន៍នៅព្រឹកថ្ងៃ១មិថុនានេះដែរថា ក្រុមការ ងារកាកបាទក្រហម កំពុងឃ្លាំមើលស្ថានការណ៍មួយអន្លើសិន ដ្បិតជំនន់ទឹកភ្លៀង នេះអាចស្រកទៅវិញនៅប៉ុន្មានម៉ោង ក្រោយពេលមានភ្លៀង។ លោកបញ្ជាក់ ថា ប្រសិនបើករណីចាំបាច់ ក្រុមកាងារ កាកបាទក្រហមនឹងចុះទៅជួយសង្គ្រោះ ប្រជាពលរដ្ឋភ្លាម។
ទោះជាយ៉ាងណាជំនន់ទឹកភ្លៀងបាន ស្រកទៅវិញបន្តិចម្តងៗមិនបណ្តាលឲ្យ បាត់បង់ឬខូចខាតទ្រព្យសម្បតិ្តអ្វីធ្ងន់ធ្ងរនោះទេ។ កណីនេះកម្លាំងនគរបាលក្រោមបញ្ជាលោកសុិន ប៊ុនធឿន អធិការស្រុក កំពុងតែជួយជម្លៀសប្រជាពលដ្ឋមកទីតាំងមានសុវត្ថិភាពហើយ ៕ ហេង នរិន្រ្ទ