ព័ត៌មានទាន់ហេតុការណ៍៖

លេងល្បឿនរថយន្តហួសកម្រិតជ្រុលបុកអ្នកថ្មើរជើងស្លាប់ហើយព្យាយាមបើករត់ តែមិនសម្រេច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសវ័យ២៦ឆ្នាំម្នាក់បានលេងល្បឿនរថយន្តដូចហោះ គ្មានការប្រុងប្រយ័ត្ន ជ្រុលទៅបុកអ្នកថ្មើរជើងមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បណ្តាលឲ្យស្លាប់ ហើយជនបើករថយន្តបង្កបានព្យាយាមបើកឡានរត់គេចខ្លួន តែមិនបានសម្រេច សមត្ថកិច្ចសហការស្ទាក់ចាប់បាន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៣ និងលេខ២៤ ភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDA ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2G 6693 អ្នកបើកបរ ឈ្មោះ ឈួន ឧត្ដម ភេទ ប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិ ចំការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុក អ្នកថ្មើរជើងម្នាក់ (ភេទប្រុស)បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ។

ចំណែក រថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានបើកគេច រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសមត្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តបាន ទាំងតៃកុងឡាន ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុជំនាញបានយក សម្ភារ មធ្យោបាយមករក្សាទុកនៅអធិការដ្ឋានដើម្បី កសាង សំណុំរឿងតាមនីតិវិធី ៕


ចែករំលែក៖