ព័ត៌មានទាន់ហេតុការណ៍៖

ជែងក្នុងសភាពគ្រោះថ្នាក់បង្កឲ្យគ្រោះថ្នាក់ស្លាប់២នាក់ និងរបួសម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងតិចមនុស្ស២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូឌុបគ្នាជែងក្នុងសភាពផ្លូវមានគ្រោះថ្នាក់ បុកជាមួយរថយន្តធុនធំ ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៦និង៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៥ និងលេខ៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់(ស្រី២នាក់ ប្រុស១នាក់)ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ គ្មានស្លាកលេខ(ម៉ូតូថ្មី) បើកបរពីផ្ទះនៅភូមិបាទី ឃុំពាមរ៌ ស្រុកពាមរ៍ ខេត្តព្រៃវែង ឡើងទៅភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ដួង ង៉ុយ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិបាទី ឃុំពាមរ៌ ស្រុក ពាមរ៌ ខេត្តព្រៃវែង អ្នកបើកម៉ូតូ (ស្លាប់) ហើយឌុប បងស្រី និងក្នួយស្រី ឈ្មោះ ដួង សុភក្រ័ អាយុ ៣៦ ឆ្នាំ ស្លាប់នៅនឹងកន្លែង កើតហេតុ និងឈ្មោះ ចក់ស្រីណា អាយុ ១៨ឆ្នាំ របួសធ្ងន់បានបងប្អូននៅកន្លែងកើតហេតុហៅរថយន្តពេទ្យដឹកយកមន្ទីរពេទ្យភ្នំពេញ ។

ប្រភពបន្តថា រថយន្ត ម៉ាក ហិនដាយ ពណ៍ស (ទ្រុងខៀវ)ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ព្រះសីហនុ 3A 13 27 បើកបរដោយឈ្មោះ ឃន គង្គា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ អ្នកបើកបររថយន្ត(មានបណ្ណ័បើកបរ) ក្រោយកើតហេតុ បានបើករថយន្តរត់ដល់ស្រុកលើកដែក ដោយមានកិច្ចសហការ រវាង សមត្ថកិច្ចដែនដីបានឃាត់រថយន្ត និងអ្នកបើកបរជាប់ និងប្រគល់ទាំងមធ្យោបាយមកសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ។ បច្ចុប្បន្ន អ្នកបើកបររថយន្តហីយិនដាយ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុក។

សមត្ថកិច្ចបានបន្តថា ម៉ូតូរបស់ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះឡើងទៅភ្នំពេញតាមដងផ្លូវជាតិលេខ ១ដល់ចំណុចកើតហេតុជនរងគ្រោះបានបើកម៉ូតូវ៉ា រថយន្ត ១គ្រឿងប្រភេទដឹកទំនិញក្នុងទិសដៅស្រប(តាមចម្លើយរបស់អ្នកបើកបររថយន្ត) ហើយម៉ូតូរបស់ជនរងគ្រោះបាន រេចង្កូតបុកលើរថយន្តក្នុងទិដៅស្រប (ផ្នែកខាងក្រោយ) ពេលនោះម៉ូតូរបស់ជនរងគ្រោះបានដួល ហើយខ្ទាតជនរងគ្រោះចូលទៅក្នុងកង់ក្រោយរថយន្តផ្នែកខាងឆ្វេងបណ្ដាលឲ្យរថយន្តកិនជនរងគ្រោះស្លាប់នៅនឹងកន្លែង២នាក់ ហើយរបួស១នាក់ធ្ងន់។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ចំពោះករណីខាងលើបណ្ដាលមកពីជនរងគ្រោះបើកម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់។

សាកសពត្រូវសមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 


ចែករំលែក៖