ភ្នំពេញ៖ មន្ត្រីយោងធាកងពលតូច៩១១ម្នាក់ ត្រូវបានរថយន្តបើកបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅមុខវត្តអណាវតី តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួន តែត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់បាន។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះញឹម ចំរើន ភេទប្រុសអាយុ២៧ឆ្នាំមុខរប មន្ត្រីយោធា ៩១១ មាមស្រុកកំណើតនៅភូមិអូរស្លាត ឃុំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាកzoomerx ពណ៍សលាយក្រហម ពាក់ស្លាកលេខភ្នំពញ1GG 0499 ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកCRV ពណ៌ស្លែ ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលទៅនឹងថ្នល់សា្លប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
សាក្សីបន្តថា ក្រោយពីបង្កហេតុរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតទៅដល់ស្រុកអង្គស្នួល ក៏ត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ជើងគោករាជធានីមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅផ្នែកចរាចរណ៍ដើម្បីរង់ចាំដោះស្រាយពេលក្រោយចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ