ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមឆ្នាំ២០១៧ បុកហុងដាឌ្រីមឆ្នាំ២០១៧ដូចគ្នា របួសធ្ងន់៣នាក់នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសស្រ្តីចំនួន ០៣នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ និងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ដូចគ្នា ខណៈកំពុងធ្វើដំណើស្របទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ ៥៥។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣១នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានករណីគ្រោះថ្នាក់មួយបានកើតឡើងរវាងបុរសបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 8992 ឈ្មោះ អឹុម ខុន ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ(កន្លែងកើតហេតុ) ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុសុីញ៉ូភ្លើងបំរ៉ុងបត់ឆ្វេង ខណៈនោះស្រាប់តែមានម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 9832 បើកបរដោយឈ្មោះ គីម មឿន ភេទប្រុស អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខុន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំង ២នាក់ រស់នៅភូមិអូររំចេក ឃុំក្រពើរពី ស្រុកវាលវែង ខេត្តពោធិ៍សាត់(មិនពាក់មួកសុវត្ថិភាព) បានបុកពេញទំហឹងបណ្ដាលឲ្យដួល និងរងរបួសធ្ងន់រដូករណេលលើផ្លូវទាំងសង់ខាង។

ប្រភពខាងលើបន្តថា ជនរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញភ្លាមៗ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងនគរបាលចរាចរណ៍ផ្លូវគោកបានយកទៅរក្សាទុក នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ។

ប្រភពដដែលខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្ដាមកពី កក្តាល្បឿន៕ បឹុម ពិន


ចែករំលែក៖