ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងសង្ឃឹមថា តំណាងដឹកនាំរបស់ខ្លួននឹងធ្វើឲ្យឃុំសង្កាត់រីកចម្រើន

ចែករំលែក៖

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋជាង៦ម៉ឺន៣ពាន់នាក់ នៅខេត្តស្ទឹងត្រែង​បានទៅបោះឆ្នោតជ្រើសរើសតំណាងដឹកនាំឃុំ សង្កាត់ របស់ខ្លួនសារជាថ្មី ហើយសង្ឃឹមថា ឃុំសង្កាត់នីមួយៗនឹងដឹកនាំអភិវឌ្ឍន៍ភូមិ ឃុំ ឲ្យរីកចម្រើន បន្ទាប់ពី​តំណាងនេះបានជាប់ឆ្នោត ទទួលបានលទ្ធផលប្រកបទៅដោយតម្លាភាព អព្យាក្រិត្យ និងមានសន្តិសុខល្អនោះ។

ក្នុងសកម្មភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទៅ០៤ មិថុនា ឆ្នាំ២០១៧ លោកផឹក វិទ្យាវី ប្រជាពលរដ្ឋនៅភូមិត្រពាំងព្រីង សង្តាត់ស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋបាននាំគ្នាសស្រាក់សស្រាំ​ទៅបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ហើយសង្ឍឹមថា​ ​លទ្ធផលទទួលបានពីការបោះឆ្នោត​នេះ ថ្នាក់ដឹកនាំរបស់ខ្លួន និងធ្វើឲ្យឃុំ សង្កាត់មានការអភិវឌ្ឍរីកចម្រើន ។

លោកពិនិត្យឃើញថា៖ ដំណើរបោះឆ្នោតប្រព្រឹត្តទៅបានល្អគ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះនៅតាមឃុំ សង្កាត់ គឺបានដាក់ភ្នាក់ងាររបស់ខ្លួន ជួយត្រួតពិនិត្យមើលទៅតាមការិយាល័យនីមួយ​ៗ​បានត្រឹមត្រូវក្នុងការិយាល័យនីមួយៗរួចរាល់ គណបក្សដែលឈរឈ្មោះប្រកួតប្រជែងគេហ្នឹងមានមន្ត្រីឃ្លាំមើលរៀងៗខ្លួនប្រចាំការ មើលទៅឃើញថា អ្នកសង្កេតការទាំងអស់ យកចិត្តទុកដាក់ការងារគេ មើលទៅការបោះហ្នឹងត្រឹមត្រូវមានឈ្មោះពិតប្រាកដទើបបោះបាន ហើយអ្នកចូលរួមខុសការិយាល័យ គេជួយគ្នាណែនាំបងប្អូន អ៊ុំ ពូរមីង ពិនិត្យឈ្មោះ និងបង្ហាញការិល័យជូនពួគគាត់ អញ្ចឹងសន្និដ្ឋានថា៖ ការបោះឆ្មោតជ្រើសរើសឃុំ សង្កាត់នៅក្នុងអាណត្តិនេះបានរលូន៩៩ភាគរយ ហើយបោះឆ្នោតហ្នឹងទៀត ក៏គ្មានខាងបក្សណាចាប់បង្ខំគាត់ និងអំពើហិង្សាកើតឡើងក្នុងក្នុងមណ្ឌលបោះឆ្នោតនោះទេ គឺ គាត់ជ្រើសរើសតំណាងមេឃុំ ចៅសង្កាត់ របស់គាត់ដោយខ្លួនឯងៗ។

លោកសុខ ឈុនប្រធានគណៈកម្មការបោះឆ្នោតសង្កាត់ស្ទឹងត្រែងបានពន្យល់ថា៖ ការងារបោះឆ្នោតគណៈ
កម្មការឃុំ សង្កាត់ និងនៅតាមករិយាល័យនិមួយៗរៀបចំបានល្អទៅតាមនិតិវិធី ហើយ​ប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោត​​ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។

អ្នកស្រីលី ស្រីណីត មន្ត្រីសន្តិសុខការពារសណ្តាប់ធ្នាប់នៅក្នុងក្រុងស្ទឹងត្រែងបានអះអាងថា៖ ការបោះឆ្នោតអនុវត្តទៅមានសណ្តាប់ធ្នាប់ល្អ តាំងពីដើមដល់ចប់ ឃើញមានប្រជាពលរដ្ឋមកបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយគ្មានការភ័យខ្លាចអ្វីឡើយនៅថ្ងៃបោះឆ្នោតនេះ និងរីករាយរង់ចាំទទួលយកលទ្ធផលនៅពេលចុងក្រោយ។

លោកស្រី ពៅ វ៉ាន់ណៃ ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា នេះជាការបង្ហាញ​ឲ្យឃើញពីការអនុវត្តទៅប្រកបដោយតម្លាភាព ហើយប្រពលរដ្ឋមានសេចក្តីសប្បាយរីករាយដែលបានប្រើសិទ្ធិ​ជ្រើសរើសអ្នកដឹកនាំឃុំ សង្កាត់របស់ខ្លួន ក្នុងគោលបំណងចង់ឲ្យភូមិ ឃុំមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័នថ្មីៗបន្ថែមទៀត។

លោកតឹក លេងស៊ឺ ប្រធានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈពេទ្យភូមិភាគស្ទឹងត្រែងបានយល់ថា៖ នេះជាការជំរុញ​ឲ្យមានល្បឿនថ្មីពីអាណត្តិមួយទៅអាណត្តិមួយ​​ដើម្បីធ្វើឲ្យមូលដ្ឋានរស់នៅសុវត្ថិភាព និង មានសេវាបម្រើប្រជាពលរដ្ឋបានល្អ ហើយកូនចៅប្រជាពលរដ្ឋមានក្តីសង្ឃឹមទៅអនាគត។

សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងមានគណបក្សឈរឈ្មោះចំនួន៤ និងប្រជាពលរដ្ខចុះឈ្មោះ​ក្នុងបញ្ជី បោះឆ្នោតចំនូន៧១.០២៨នាក់ បោះឆ្នោតបាន៦៣.១៧៦នាក់ ស្មើនឹង៩០,៣៥ភាគរយ ក្នុងនោះលទ្ធផលបណ្តោះអាសន្នគណបក្សប្រជាជនកម្ពុជាទទួលបាន៤០.៤៥៨សម្លេង, គណបក្សសង្គ្រោះជាតិទទួលបាន១៦.៤២៦សម្លេង, គណបក្សហ្វុនស៊ុនប៉ិចទទួលបាន៣.៦៨០សម្លេង, គណបក្សខ្មែររួបរូមជាតិទទួលបាន១៩៧សម្លេង ៕ សុផាត


ចែករំលែក៖