ខេត្តកណ្តាល៖ នាយនគរបាលប៉ុស្តិ៍ចំណុះអធិការដ្ឋាននគរបាលស្រុកកោះធំ និងមន្ត្រីនគរបាលប៉ុស្តិ៍ច្រើននាក់បានប្តឹងទៅថ្នាក់លើបន្ទាប់ពីលោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំបានស៊ីដាច់លុយបេសកកម្មរបស់ពួកគេសម្រាប់ការពារ សន្តិសុខថ្ងៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ ។
ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាឲ្យ ស្នងការរងទទួលព័ស្តុភារ និងហិរញ្ញវត្ថុដឹកនាំក្រុមអធិការកិច្ចរបស់ស្នងការដ្ឋានចុះទៅដោះស្រាយទាំងយប់តែម្តងដើម្បីបំបាត់បាតុភាពមួយនេះ។
មន្រ្តីនគរបាលតាមប៉ុស្តិ៍មួយចំនួនបានឲ្យដឹងថា ជាគោលការណ៍របស់ក្រសួងមហា ផ្ទៃសម្រាប់ការងារយុទ្ធនាការឃោសនាបោះឆ្នោត (រយៈពេល២៤ថ្ងៃគិតចាប់ពីថ្ងៃ ទី២០ ខែឧសភា) ក្នុង១ប៉ុស្តិ៍ទទួលបាន១ លានរៀល ហើយកម្លាំងនគរបាលក្នុង១ ប៉ុស្តិ៍ចំនួន៧នាក់ត្រូវទទួលបានម្នាក់ចំនួន ៨ពាន់រៀលសម្រាប់មួយថ្ងៃ។ ប៉ុន្តែតាំងពីថ្នាក់លើទម្លាក់លុយទៅនោះលោកអធិការ ស៊ឹម ឃាង បានត្រឹមតែប្រគល់លុយចំនួន១លានរៀលជូនមេប៉ុស្តិ៍ដោយឡែករបបលុយសម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍នោះមិនបានប្រគល់ឲ្យនោះឡើយ ។
បើតាមមន្រ្តីនគរបាលមូលដ្ឋានបន្ទាប់ ពីទទួលបានព័ត៌មាននេះស្នងការនគរបាលខេត្តបានបញ្ជាឲ្យស្នងការរងទទួលខាង ភស្តុភារទៅដោះស្រាយទាំងយប់ ហើយជា លទ្ធផលលោកអធិការបានយល់ព្រមបើក ឲ្យតែមិនមែនឲ្យលុយទៅមេប៉ុស្តិ៍ទាំងអស់នោះទេគឺហៅមនុស្សរាប់ជាក់ស្តែងតែម្តង។
ជាមួយគ្នានេះក៏មានការប្តឹងផ្ទាល់ទៅកាន់ស្នងការនគបាលខេត្តផងដែរ ដោយ មន្រ្តីនគរបាលរូបនោះសរសេរថា «គោរព ជូនឯកឧត្តមស្នងការ ខ្ញុំបាទងឿងឆ្ងល់ប្រាក់ចំនួន៨.០០០រៀលក្នុងមួយថ្ងៃដែលលោកស្នងការមានប្រសាសន៍ប្រាប់លោកនាយ ប៉ុស្តិ៍ទូទាំងខេត្តនោះឥឡូវស្រុកកោះធំអត់បានបើកឲ្យមន្រ្តីតាមប៉ុស្តិ៍ទេសូមលោកស្នងការមេត្តាមើលផង»។ ជាការឆ្លើយតបវិញ លោកឧត្តមសេនីយ៍ស្នងការបានសរសេរ ថា «សូមអរគុណសម្រាប់ព័ត៌មាននេះ។ យើងនឹងព្យាយាមឆ្លើយតបតាមលទ្ធភាព ហើយយើងនឹងផ្តល់ចម្លើយទៅឲ្យអ្នកវិញ ឲ្យបានឆាប់» ។
មន្រ្តីនគរបាលខេត្តកណ្តាលម្នាក់ក៏បានលួចបង្ហើបថា នៅពេលក្រុមអធិការកិច្ចចុះទៅសួរនាំនោះស្រាប់តែលោកអធិការឆ្លើយប្រាប់ថា កាលពីក្នុងកិច្ចប្រជុំលោកមិន យល់ច្បាស់ពីប្រាក់ទាំងនេះចឹងចេះតែទុកសិនទៅ ។
តែយ៉ាងណាក៏ដោយលោក ស៊ឹម ឃាង បានបដិសេធការចោទប្រកាន់នេះដោយលោកអះអាងថា លោកបានប្រគល់ថវិកាទាំងអស់ទៅឲ្យនាយនគរបាលប៉ុស្ដិ៍រួច រាល់ហើយពុំមានការស៊ីដាច់អ្វីនោះទេ ។
អធិការស្រុករូបនេះបានបញ្ជាក់ថា «លុយទាំងនេះទាំងរបប១លានរៀល និង បេសកកម្មម្នាក់៨.០០០រៀលខ្ញុំបានប្រគល់ឲ្យទៅមេប៉ុស្ដិ៍ទាំងអស់ហើយ។ ដូច្នេះជាការចាត់ចែងបន្ដរបស់លោកមេប៉ុស្ដិ៍ទៅ កាន់កងកម្លាំងរបស់ខ្លួន» ៕ ហេង សូរិយា