ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថានស្ទាក់ចាប់អ្នកលើកឈើ២នាក់តែម្ចាស់ឈើរត់គេចខ្លួនបាត់ចោលរ៉ឺម៉កម៉ូតូនិងឈើ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ អ្នករកស៊ីកាប់ និងដឹកឈើម្នាក់បានរត់គេចខ្លួនបាត់ស្រមោល ខណៈអ្នកស៊ីឈ្នួលលើកឈើ២នាក់ ត្រូវ បានមន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថានខេត្តចាប់ឃាត់ខ្លួន រួមនឹងរ៉ឺម៉កម៉ូតូ១គ្រឿង និង ឈើមួយចំនួនផងដែរ ។ ការចាប់ឃាត់ ខ្លួននេះគឺក្រោយ ពេលមន្រ្តីឧទ្យានុរក្ស និង មន្រ្តីបរិស្ថានទទួលបានដំណឹងថា មានជន សង្ស័យលួចបង្កប់ឈើប្រណីតក្នុងរ៉ឺម៉ក ម៉ូតូ បម្រុងដឹកចេញទៅលក់នៅខេត្តបាត់ ដំបង ។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង ២៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្លូវលំទល់មុខវត្តភ្នំរាំង ក្នុងភូមិ ភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិនបានឱ្យដឹងថា ជនសង្ស័យ ដែលរត់ចោលរ៉ឺម៉កម៉ូតូ ឈ្មោះ ណូ ភេទ ប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ម៉ូតូនិងឈើ ប្រណីត ក្នុងនោះមានឈើបេងចំនួន២ដុំ និងឈើធ្នង់ចំនួន៥ដុំ ។ ចំណែកអ្នក ដែលស៊ីឈ្នួលលើកឈើ២នាក់ ត្រូវឃាត់ ខ្លួន ទី១- ឈ្មោះ មាស វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ រស់នៅភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង និងទី២-ឈ្មោះ កែវ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង ។ លោកបន្តទៀតថា ក្រោយពីដឹងសភាពការណ៍មិនស្រួលជនសង្ស័យជា ម្ចាស់ឈើ និងម្ចាស់រ៉ឺម៉កម៉ូតូបានដាក់មេប្រូចមុនសមត្ថកិច្ចចុះទៅដល់ ។ ចំណែក អ្នកស៊ីឈ្នួលលើកឈើ២នាក់ ខាងលោកអនុញ្ញាតឱ្យទៅវិញដើម្បីបោះឆ្នោតរួចឲ្យត្រឡប់មកវិញ ដើម្បីសួរនាំបន្ថែមឈានទៅរកការចាប់ខ្លួនម្ចាស់ឈើយកមកចាត់ការតាមនីតិវិធី ។ ដោយឡែកឈើទាំង៧ ដុំធំៗនេះ ខាងលោកនឹងយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តបណ្តោះអាសន្ន ដើម្បី ចាត់ការ បន្តនៅពេលក្រោយ ។

លោក ចាន់ សុជាតិ ជាមន្រ្តីឧទ្យានុរក្សម្នាក់ប្រចាំការនៅតំបន់ប្រើប្រាស់ច្រើន យ៉ាងប៉ៃលិនសំឡូតបានឱ្យដឹងថា ជន សង្ស័យទាំង៣នាក់នោះ គឺជាអ្នករកស៊ី កាប់ឈើនៅក្នុងតំបន់ហាមឃាត់អស់ រយៈពេលជាយូរមកហើយហើយនៅពេលឆ្លៀតឱកាសបោះឆ្នោត ថ្នាក់ឃុំសង្កាត់ ទើបពួកគេនាំគ្នាចូលទៅកាប់ឈើដឹកទាំងព្រឹកតែម្តង ។ លោកបន្តទៀតថា ចំពោះជន​សង្ស័យថ្នាក់លើចាត់ការយ៉ាងណានោះ​​ គឺផុតពីដៃលោកហើយ ដោយខាងលោក គ្រាន់តែជាអ្នកការពារព្រៃឈើ និងចាប់ ជនសង្ស័យប៉ុណ្ណោះ ៕ ស សារ៉េត


ចែករំលែក៖